Alynana Media Cambodia
Icon Collap
clinic narit

តើបញ្ហាចលាចលនៅរោងចក្រ Foxconn ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខេត្តហ៊ឺណាន ប្រទេសចិន យ៉ាងដូចម្តេចខ្លះ?

Admin Alynana | Nov 28, 2022
តើបញ្ហាចលាចលនៅរោងចក្រ Foxconn ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខេត្តហ៊ឺណាន ប្រទេសចិន យ៉ាងដូចម្តេចខ្លះ?
Clinic narith

វិបត្តិជំងឺកូវីដ១៩នៅក្នុងប្រទេសចិន នៅតែបន្តការរីករាលដាលខ្លាំងក្លា ដែលបង្ខំឱ្យមហាយក្សសេដ្ឋកិច្ចមួយនេះ ត្រូវបិទខ្ទប់នៅកន្លែងជាច្រើនក្រោមគោលនយោបាយសូន្យកូវីដ។ ក្នុងនោះខេត្តហ៊ឺណាន ដែលជាកន្លែងរោងចក្រផលិត iPhone ដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Foxconn នៅក្រុងជីងចូវនោះ ក៏ត្រូវប្រឈមមុខខ្លាំងចំពោះធ្លាក់ចុះផលិតកម្ម និងការនាំចេញរបស់រោងចក្រមួយនេះ ដោយសារកម្មករជាច្រើនបានឆ្លងកូវីដ១៩ និងធ្វើចត្តាឡីស័ក ព្រមទាំងអ្នកខ្លះបានចាកចេញត្រឡប់ទៅស្រុកកំណើតវិញទៀតផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

យោងតាមទិន្នន័យរបស់គយចិន បង្ហាញថា ការនាំចេញស្មាតហ្វូនកាលពីខែតុលារបស់ខេត្តហ៊ឺណាន ដែលជាជម្រុកផលិតទូរស័ព្ទម៉ាក iPhoneនោះនោះមានចំនួនត្រឹមតែ ៨លាន ៤សែនគ្រឿងប៉ុណ្ណោះ ពោលគឺបានថយចុះប្រមាណ១៧% ពីចំនួនជាង ១០លានគ្រឿងកាលពីខែកញ្ញា។

វាគឺជាការធ្លាក់ចុះដែលចៀសមិនរួចមួយ បើទោះបីជាក្រុមហ៊ុន Apple បានបញ្ចេញលក់ស្មាតហ្វូនស៊េរី iPhone 14 កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅក្តី។ ស្ថានភាពនេះ អាចសញ្ញាប្រកាសអាសន្នមួយសម្រាប់ដាស់ឱ្យក្រុមហ៊ុនផលិត បង្វែទិសដៅរោងចក្រចេញពីប្រទេសចិន ទៅប្រទេសផ្សេងទៀតដូចជា ឥណ្ឌា និងវៀតណាមជាដើម។

ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា ការបញ្ជាទិញពីសហរដ្ឋអាមេរិក គឺបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលចំនួនការដឹកជញ្ជូនចេញពីខេត្តហ៊ឺណាន ក្នុងខែតុលា មានចំនួនជាង ៤លាន ៣សែនគ្រឿង ពោលគឺបានធ្លាក់ចុះជាង ១លានគ្រឿងឯណោះ បើប្រៀបធៀបនឹងខែកញ្ញា ហើយបើគិតជាទឹកប្រាក់គឺមានជាង ៦០៩លានដុល្លារ។

ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២២នេះ ការនាំចេញរបស់ខេត្តហ៊ឺណាន មានចំនួនសរុបជាង ៦៧ពាន់លានដុល្លារ ក្នុងនោះផលិតផលស្មាតហ្វូនពាក់កណ្តាលត្រូវបាននាំចេញទៅអាមេរិក។

ក្រុមអ្នកវិភាគបានលើកឡើងថា រោងចក្ររបស់ក្រុមហ៊ុនតៃវ៉ាន់ Foxconn នៅក្រុងជីងចូវ ខេត្តហ៊ឺណាន ដែលអាចជួលបុគ្គលិកដល់ ៣៥ម៉ឺននាក់នេះ គឺជាក្បាលម៉ាស៊ីនដ៏សំខាន់មួយសម្រាប់ជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះ។ បញ្ហាការផលិតនៅរោងចក្ររបស់ក្រុមហ៊ុនតៃវ៉ាន់ ដែលបានកើតឡើងតាំងពីខែមុន ដោយការផ្ទុះជំងឺកូវីដ១៩ បានបង្កើនសម្ពាធថែមទៀតលើអាជ្ញាធរក្នុងស្រុក ដែលតស៊ូរក្សាសកម្មភាពឧស្សាហកម្ម ក្រោមគោលនយោបាយសូន្យកូវីដ។

លោក Zhang Zhiwei ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management បាននិយាយថា តម្រូវការខាងក្រៅនឹងបន្តធ្លាក់ចុះនៅឆ្នាំក្រោយ ហើយអ្នកធ្វើគោលនយោបាយ គឺត្រូវរិះរកវិធីសម្រាលហានិភ័យក្នុងការនាំចេញ។

អ្នកជំនាញមួយរូបទៀតគឺ លោកស្រី Alicia Garcia Herrero ប្រធានសេដ្ឋវិទូសម្រាប់អាស៊ីប៉ាស៊ីហ្វិក នៅធនាគារបារាំង Natixis បាននិយាយថា បញ្ហាបែបនេះ នឹងមិនងាយដោះស្រាយបានឆាប់ៗឡើយ។

លោកស្រីបញ្ជាក់ថា ការធ្លាក់ចុះការនាំចេញរបស់ចិននឹងកើតឡើងបន្តទៀត ហើយសម្រាប់ក្រុមហ៊ុនទាំងនេះ ពួកគេត្រូវការស្វែងរកជម្រើសផ្សេងហើយ ដូចជាការដាក់រោងចក្រនៅឥណ្ឌា និងវៀតណាមជំនួសវិញ គ្រាន់តែវាមិនអាចលឿនទាន់ពេលនោះទេ។ សេដ្ឋវិទូរូបនេះ អះអាងថា មធ្យោបាយដោះស្រាយដែលលឿនជាងគេនោះ គឺរដ្ឋអំណាចចិនត្រូវការដកគោលនយោបាយសូន្យកូវីដចេញវិញ។

ចំណែកលោក Dan Wang ប្រធានសេដ្ឋវិទូ នៅធនាគារ Hang Seng បានលើកឡើងថា អាជ្ញាធរតំបន់នឹងប្រឈមមុខសម្ពាធនូវការប្រមូលពន្ធ ដោយសារតែការអាក់ខានរបស់រោងចក្រ Foxconn ខណៈរោងចក្រនេះ គឺជាអ្នកបង់ពន្ធដ៏ធំបំផុតក្នុងខេត្តហ៊ឺណាន។

ទោះយ៉ាងណា លោកបានអះអាងថា បញ្ហានៅរោងចក្រ Foxconn នេះ មិនអាចឱ្យសេដ្ឋកិច្ចចិនរង្គើប៉ុន្មានទេ ប៉ុន្តែក៏នឹងជះឥទ្ធិពលដល់អ្នកផ្គត់ផ្គង់សម្រាប់ Apple ផ្សេងៗទៀតដែរ។

យ៉ាងណាក៏ដោយចុះ ថ្វីបើការផលិតនៅរោងចក្រហ៊ឺណាននេះជួបឧបសគ្គក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Foxconn នឹងសម្របសម្រួលការផលិតជាមួយរោងចក្ររបស់ខ្លួននៅខេត្តផ្សេងទៀត។ តួយ៉ាងការនាំចេញស្មាតហ្វូនរបស់ Foxconn ដែលដំឡើងនៅក្នុងខេត្តជាំងស៊ូ បានកើនឡើង ៣១% ក្នុងខែតុលា បើធៀបនឹងខែកញ្ញាកន្លងទៅ។

ក្រុមហ៊ុន Foxconn ត្រូវបានរាយការណ៍ថា មានគម្រោងបង្កើនចំនួនពលកម្ម៤ដងនៅរោងចក្រ iPhone របស់ខ្លួនក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល២ឆ្នាំទៀត៕