ប៊ែរឡាំង៖ សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានបញ្ជាក់ ថា ក្រុមប្រទេស G7 នឹងធ្វើការហាមឃាត់ការនាំចេញមាសរបស់ ប្រទេសរុស្ស៊ី ក្នុងគោលបំណងរឹតបន្តឹងការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញសកម្មភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហោះសារនៅលើ Twitterថា យើងទាំងអស់គ្នា… ក្រុមប្រទេស G7 នឹងប្រកាសថា ពួកយើងនឹងហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ជាការនាំចេញដ៏ធំ បំផុតដែលចាក់បញ្ចូលថវិការាប់សិបពាន់លានដុល្លារដល់ប្រទេសរុស្ស៊ី។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានបញ្ជាក់ថា សកម្មភាពរួមគ្នាដែលធ្វើឡើងដោយអង់គ្លេស កាណាដា ជប៉ុន និង សហរដ្ឋអាមេរិក នឹងវាយប្រហារដោយផ្ទាល់ទៅលើពួកឥស្សរជនរុស្ស៊ី និងវាយប្រហារចំបេះដូងនៃម៉ាស៊ីនសង្រ្គាមរបស់លោក វ្ល៉ាឌីមៀ ពូទីន។
ចំណាត់ការចុងក្រោយបំផុតដែលកំណត់គោលដៅលើទំនិញ(មាស)នេះ បានកើតឡើងនៅពេលដែលមេដឹកនាំក្រុមប្រទេស G7 កំពុងជួប ប្រជុំគ្នានៅភ្នំអាល់បាវ៉ារៀ ប្រទេសអាល្លឺម៉ង់ ដោយកិច្ចពិភាក្សារបស់ ពួកគេផ្តោតលើវិធី ដើម្បីទ្រទ្រង់ការគាំទ្រដល់អ៊ុយក្រែនប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី។
គួរបញ្ជាក់ថា មាសដែលជាទំនិញដ៏មានតម្លៃក្នុងពេលមានចលាចល គឺជាការនាំចេញដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី ក្នុងនោះវាមានតម្លៃ ១២.៦ពាន់លានផោន ឬប្រមាណ ១៥.៤ពាន់លានដុល្លារដល់ សេដ្ឋកិច្ចរុស្ស៊ីក្នុងឆ្នាំ ២០២១៕