អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយកាលពីថ្ងៃច័ន្ទថា អាជ្ញាធរចិនប្រឆាំងនឹងសេចក្តីសម្រេចដែលធ្វើឡើងដោយក្រុមប្រទេស G7 ក្នុងការណែនាំនូវការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដោយជំរុញឱ្យសមាជិកនៃក្រុមប្រទេសនេះគិតឡើងវិញពីគោលជំហររបស់ពួកគេ។
លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា «ប្រេងមានសារៈសំខាន់ណាស់សម្រាប់ធានាសន្តិសុខថាមពលពិភពលោក»។ អ្នកការទូតរូបនេះបាននិយាយបន្ថែមថា «យើងសង្ឃឹមថា ប្រទេសដែលពាក់ព័ន្ធនឹងខិតខំប្រឹងប្រែងក្នុងន័យស្ថាបនា»។
លោកស្រី ម៉ៅ នីង បានកត់សម្គាល់ថា ប្រេង គឺជាប្រភេទទំនិញសំខាន់មួយនៅលើទីផ្សារអន្តរជាតិ ដោយលោកស្រីបាននិយាយបន្ថែមថា ចំពេលនៃបរិយាកាសបច្ចុប្បន្ននៅក្នុងពិភពលោក ក្រុមប្រទេស G7 គួរតែពង្រឹងកិច្ចសន្ទនា និងជំរុញកិច្ចចរចា។
បន្ទាប់ពីកិច្ចប្រជុំមួយរបស់បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុពីក្រុមប្រទេសទាំង៧ កាលពីថ្ងៃទី២ ខែកញ្ញាកន្លងមកនៅទីក្រុងប៊ែរឡាំង ក្រុមប្រទេស G7 បានព្រមព្រៀងគ្នាដាក់ចេញនូវតម្លៃដែលបានស្នើឡើងទៅលើប្រេងរបស់រុស្ស៊ី ដើម្បីកម្រិតចំណូលនៃការនាំចេញរបស់ប្រទេសនោះ។ ទីក្រុងមូស្គូបានព្រមានថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងដល់បណ្តារដ្ឋដែលសម្រេចចិត្តចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ៕