យោងតាមលោក Alexey Miller នាយកប្រតិបត្តិក្រុមហ៊ុន Gazprom បានឱ្យដឹងថា ផែនការកំណត់តម្លៃលើការលក់ឧស្ម័នរបស់រុស្ស៊ី ដែលបច្ចុប្បន្នកំពុងត្រូវបានពិចារណាដោយមេដឹកនាំប្រទេសលោកខាងលិច នឹងបណ្តាលឱ្យការផ្គត់ផ្គង់ត្រូវផ្អាក។
ទណ្ឌកម្មជាច្រើនត្រូវបានដាក់ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តមកលើទីក្រុងមូស្គូ ជុំវិញប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន។ រហូតមកដល់ពេលនេះអតិថិជនសហភាពអឺរ៉ុប បានកាត់បន្ថយការទិញថាមពលរបស់រុស្ស៊ី ហើយក្រុមប្រទេសរីកលូតលាស់ទាំង ៧ ឬ G7 និងសហភាពអឺរ៉ុប បច្ចុប្បន្នកំពុងព្យាយាមបង្ហាញការកំណត់តម្លៃប្រេង និងឧស្ម័នរបស់រុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយថា ការកំណត់តម្លៃលើការនាំចេញប្រេងរបស់រុស្ស៊ីប្រហែល ៦០ដុល្លារក្នុងមួយបារ៉ែល ទំនងជានឹងកាត់បន្ថយប្រាក់ចំណូលថាមពលរបស់ទីក្រុងមូស្គូ៕