ក្រសួងហិរញ្ញវត្ថុថៃ បានវាយតម្លៃថា កម្រិតបំណុលសាធារណៈរបស់ថៃ នឹងកើនដល់៦៦% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥។ តែយ៉ាងណាកម្រិតបំណុលនេះនៅទាបជាងពិដានបំណុលរបស់ថៃ ដែលអនុញ្ញាតឱ្យខ្ចីរហូតដល់៧០% នៃ GDP។ ក្រសួងសេដ្ឋកិច្ចថៃ អះអាងថា កម្រិតបំណុលសាធារណៈរបស់ថៃ នឹងចាប់ផ្តើមធ្លាក់ជាបណ្តើរៗនៅត្រឹមឆ្នាំ២០២៧។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ថៃ អះអាងថា បំណុលសាធារណៈរបស់រដ្ឋាភិបាលថៃ នឹងកើនដល់៦៦% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួននៅឆ្នាំ២០២៥ តែជាកម្រិតមួយដែលរដ្ឋាភិបាលថៃ អាចគ្រប់គ្រងបាន។ ក្រោមផែនការសារពើពន្ធរយៈពេលមធ្យមសម្រាប់ឆ្នាំ២០២៥-២០២៧ បំណុលសាធារណៈរបស់ថៃ ត្រូវបានព្យាករថា នឹងមានស្ថិរភាពនៅក្នុងឆ្នាំ២០២៦ និងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២៧ ដែលជំរុញដោយការកើនឡើងសេដ្ឋកិច្ចរបស់ថៃ។
បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ សេដ្ឋកិច្ចរបស់ថៃ ត្រូវបានគេព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៣% តែបើបូកបញ្ចូលអតិផរណាក្នុង GDP។ ជាមួយគ្នានេះបំណុលសាធារណៈរបស់ថៃ ត្រូវបានព្យាករថានឹងមានក្នុងរង្វង់៦៥%នៃ GDP នៅត្រឹមដំណាច់ឆ្នាំ២០២៤។
ចំពោះផែនការគ្រប់គ្រងបំណុលសាធារណៈសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ លោក ពិឆៃ បាននិយាយថា រដ្ឋាភិបាលថៃ ត្រូវការខ្ចីប្រាក់បន្ថែមជិត៧៨ពាន់លានដុល្លារ ដោយក្នុងនោះចំនួនជិត៣២ពាន់លានដុល្លារ គឺជាកម្ចីថ្មី ហើយចំនួនជាង៤៦ពាន់លានដុល្លារ គឺសម្រាប់បង្វិលទូទាត់សងបំណុល។ គោលដៅសំខាន់នៃការខ្ចីប្រាក់នេះ គឺដើម្បីយកទៅចាត់ចែងសម្រាប់ឱនភាពថវិការបស់រដ្ឋាភិបាល ដែលមានចំនួនសរុបត្រឹមតែជាង២៦ពាន់លានដុល្លារ៕