(ភ្នំពេញ)៖ អាគារខុនដូរ Golden One Icenter ត្រូវបានអគ្គិភ័យឆាបឆេះនៅជាន់ទី៣៨ ក្នុងនោះបានបណ្តាលឲ្យរងការខូចខាតអស់ចំនួន២បន្ទប់ បានកើតឡើងនៅវេលាម៉ោង ៩៖៤៥នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវ៣៦០ ក្រុម៤៧ ភូមិ០៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ១២និង០០នាទីយប់រំលងអាធ្រាត ដោយប្រីប្រាស់ទឹករបស់អាគារខុនដូរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន មានករណីអគ្គិភ័យឆាបឆេះអគារខុនដូរ Golden One Icenter នៅជាន់ទី៣៨ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ក៏បានបញ្ជាទៅរថយន្តគ្រប់គោលដៅទាំងអស់ ចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
ដោយនៅក្នុងរង្វង់ប្រតិបត្តិការខាងនេះ នៅពេលដែលកម្លាំងសមត្ថកិច្ចជំនាញបានទៅដល់ទីតាំងនោះ ដោយសារតែកន្លែងកើតមានអគ្គិភ័យនោះ គឺនៅជាន់ទី៣៨ ហើយកម្លាំងសមត្ថកិច្ចបានធ្វើដំណើរដោយថ្មើរជើង ពីជាន់ផ្ទាល់ដីរហូតដល់ជាន់ ទី៣៨ នឹងអូសទាញទុយោទឹកឡើងទៅលើ ដើម្បីអន្តរាគមន៍បាញ់ពន្លត់។
ជាក់ស្តែង ដោយសារតែទីតាំងឆាបឆេះខាងលើ មានកម្ពស់ខ្ពស់ពិបាកក្នុងការបញ្ជូនទឹកឡើងទៅខាងលើ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ក៏បានបញ្ជាទៅមន្ត្រីជំនាញឲ្យតភ្ជាប់ក្បាលទឹកររបស់អគារខុនដូរដែលមានទឹកស្រាប់ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់ មិនឲ្យមានការឆាបឆេះរាលដាលដល់ផ្នែកផ្សេងទៀត នៃអាគារខុនដូរឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្ដទៀតថា ចំពោះករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះបន្ទប់ជាន់ទី៣៨ ចំនួន០២បន្ទប់អស់ទាំងស្រុង ដែលជាប្រភេទ ថ្មបេតុង ទំហំ (៤ម៉ែត្រ គុណ ៤ម៉ែត្រ) នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន១៥គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹក។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕