(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសពីផែនការវិនិយោគចំនួន ១ពាន់លានដុល្លារលើការកសាងមជ្ឈមណ្ឌលទិន្នន័យថ្មីមួយនៅក្នុងចក្រភពអង់គ្លេស ដែលមានទីតាំងនៅលើផ្ទៃដីទំហំ ៣៣ហិចតា ក្នុងទីក្រុង Waltham Cross។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Google រួមទាំងសេវាកម្មឌីជីថល និងសេវាកម្ម Google Cloud របស់អតិថិជនក្នុងចក្រភពអង់គ្លេសផ្ទាល់ផងដែរ។ ជុំវិញការកសាងមជ្ឈមណ្ឌលទិន្នន័យថ្មីនេះ នឹងបង្កើតការងារសំណង់ រួមទាំងបច្ចេកទេសជាច្រើនដល់អ្នករស់នៅចក្រភពអង់គ្លេស ជាពិសេសគឺ នៅអ្នករស់នៅជុំវិញមូលដ្ឋានរោងចក្រផ្ទាល់តែម្តង។
យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតផ្សេងទៀតទាក់ទិននឹងការវិនិយោគ Google នៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយនោះទេ។
គួរជម្រាបដែរថា នេះគឺជាការវិនិយោគចុងក្រោយបំផុតពីក្រុមហ៊ុន Google នៅក្នុងចក្រភពអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃសេវាកម្មអ៊ីនធឺណិត។ ដោយឡែចំពោះការវិនិយោគលើកនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Google ទិញអគារការិយាល័យកណ្តាលទីក្រុងឡុងដ៍ក្នុងតម្លៃ ១ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលមានទីតាំងនៅជិត Convent Garden និងទីតាំងមួយទៀតនៅជិត King’s Cross ដែលជាកន្លែងដែលក្រុមហ៊ុនកំពុងសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មី និងជាកន្លែងដែលក្រុមហ៊ុន AI DeepMind មានមូលដ្ឋានផងដែរ៕