Alynana Media Cambodia
Icon Collap
clinic narit

ប្រាក់ចំណូលក្រុមហ៊ុនមេរបស់ Google ខ្ពស់ជាងការព្យាករនៅត្រីមាសទី២

Media LNN | Jul 26, 2024
ប្រាក់ចំណូលក្រុមហ៊ុនមេរបស់ Google ខ្ពស់ជាងការព្យាករនៅត្រីមាសទី២
Clinic narith

(កាលីហ្វ័រញ៉ា)៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google ខ្ពស់ជាងការព្យាករនៅត្រីមាសទីពីរឆ្នាំនេះដោយសារកំណើនលក់ការផ្សាយពាណិជ្ជកម្មឌីជីថល និងតម្រូវការខ្លាំងនៃសេវាកម្មកុំព្យូទ័រខ្លោដ តែការចំណាយអាចនៅតែមានកម្រិតខ្ពស់សម្រាប់ឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Alphabet បានបង្ហាញពីតម្រូវការដ៏រឹងមាំនូវការផ្សាយពាណិជ្ជកម្មឌីជីថល ដែលជំរុញដោយព្រឹត្តិការណ៍នានាដូចជា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស និងការបោះឆ្នោតនៅក្នុងប្រទេសមួយចំនួន រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ខណៈពេលដែលការងើបឡើងវិញនៃការចំណាយរបស់សហគ្រាសកំពុងជំរុញអាជីវកម្មផ្នែកទន់ (សុសវែរ) របស់ខ្លួន។

ការងាកមកប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តដ៏ខ្លាំងក៏បានជំរុញអាជីវកម្មលើពពក (ខ្លោដ) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះផងដែរ។

ការលក់ការផ្សាយពាណិជ្ជកម្មដែលជាប្រភពចំណូលចម្បងរបស់ក្រុមហ៊ុន Alphabet បានកើនឡើង ១១ភាគរយដល់ ៦៤,៦ពាន់លានដុល្លារ។ ក្រុមហ៊ុនលក់ការផ្សាយពាណិជ្ជកម្មនៅក្នុងផលិតផលស្វែងរក (search product) របស់ខ្លួនដោយប្រើទិន្នន័យអតិថិជនដើម្បីកំណត់គោលដៅគោលដៅឱ្យកាន់តែប្រសើរ។

ប្រាក់ចំណូលសុទ្ធនៅក្នុងត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាបានកើនឡើង ២៨,៦ភាគរយដល់ ២៣,៦ពាន់លានដុល្លារ ដែលខ្ពស់ជាងការព្យាករជាមធ្យមដែលមានចំនួនតែ ២២,៩ពាន់លានដុល្លារ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទិន្នន័យរបស់ក្រុមហ៊ុន LSEG បានបង្ហាញថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Alphabet បានកើនឡើង ១៤ភាគរយដល់ ៨៤,៧៤ពាន់លានដុល្លារ បើធៀបនឹងការប៉ាន់ប្រមាណបឋមរបស់អ្នកវិភាគចំនួន ៨៤,១៩ពាន់លានដុល្លារ។ ការលក់ផ្សាយពាណិជ្ជកម្មនៅក្នុងផ្នែកអាជីវកម្ម YouTube របស់ខ្លួនបានកើនឡើង ១៣ភាគរយដល់ ៨,៦៧ពាន់លានដុល្លារ។

ប្រាក់ចំណូលពីសេវាកម្មកុំព្យូទ័រខ្លោដដែលជាឧបករណ៍សម្រាប់វាស់ស្ទង់យ៉ាងទូលំទូលាយនៃសុខភាពចំណាយបច្ចេកវិទ្យាសហគ្រាស បានកើនឡើង ២៨,៨ភាគរយដល់ ១០,៣៥ពាន់លានដុល្លារ ខណៈដែលអ្នកវិភាគបានរំពឹងថាមានចំនួនតែ ១០,១៦ពាន់លានដុល្លារ៕