អស់រយៈពេលជាង២ឆ្នាំមកហើយ ដែលប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិកផ្ដល់មកឲ្យកម្ពុជា ត្រូវបានអស់សុពលភាព ដែលធ្វើឲ្យផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ធ្វើដំណើរទាំងអស់របស់កម្ពុជា ដែលនាំចេញទៅអាមេរិកត្រូវជាប់ពន្ធ។ យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានបន្តស្នើសុំសភាអាមេរិកឱ្យបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នេះឡើងវិញផងដែរ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ច ហាក់មិនមានសង្ឃឹមខ្ពស់នោះទេថា កម្ពុជានឹងអាចទទួលបានការបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP នេះមកវិញនោះទេ។ យ៉ាងណាក៏ដោយក្រុមអ្នកជំនាញ អះអាងថា ទោះបីជាទទួលបាន ឬមិនបានក្តី ក៏ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកនៅតែរក្សាបាននូវកំណើនវិជ្ជមាន។
នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាអាមេរិកកាលពីថ្ងៃទី២ ខែសីហា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ជាពិសេសសម្រាប់ទំនិញមួយចំនួនដូចជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ធ្វើដំណើរ។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ការបន្តឡើងវិញនូវប្រព័ន្ធ GSPនេះ វានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរបន្ថែមទៀត។ ទន្ទឹមនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចាំផ្ទះ ក៏បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមកផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកឧកញ៉ា លឺម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ប្រសិនបើកម្ពុជាអាចទទួលបានការបន្តប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីអាមេរិកតាមការស្នើសុំនោះ វាជារឿងល្អសម្រាប់កម្ពុជា។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ដ្បិតកន្លងមកអាមេរិកបានព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ពីកម្ពុជាក៏ពិតមែន តែទំហំនៃការផលិតនិងនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកនៅតែមានកំណើន ដូច្នេះទោះទទួលបាន ឬមិនបានក្តី ក៏វាមិនមានអ្វីគួរឱ្យព្រួយបារម្ភខ្លាំងនោះដែរ ខណៈដែលបច្ចុប្បន្នកម្ពុជាបាននិងកំពុងត្រៀមចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍក្នុងពេលខាងមុខ។ ក្រោយចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច ចង់ ឬមិនចង់កម្ពុជានឹងបាត់បង់នូវប្រព័ន្ធអនុគ្រោះពន្ធមួយនេះដោយស្វ័យប្រវត្តិរ។ ក្រៅពីសហរដ្ឋអាមេរិកកម្ពុជាក៏មានដៃគូពាណិជ្ជកម្មថ្មីៗ ដែលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ជាច្រើនទៀតផងដែរ។ ភាពជាដៃគូនេះ វាបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានទាក់ទាញអ្នកវិនិយោគមកឲ្យមកបោះទុននៅកម្ពុជា ដើម្បីផលិត កែច្នៃ និងនាំចេញផលដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិកពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា។ ប៉ុន្តែសម្រាប់អ្នកជំនាញរូបនេះ លោកហាក់មិនមានក្តីរំពឹងខ្ពស់ទេថា កម្ពុជានឹងអាចទទួលបានការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះពីអាមេរិកនោះទេ។ មិនមានក្តីរំពឹងខ្ពស់ក៏ដោយសារលោកយល់ថា ប្រសិនជាអាមេរិកចង់បន្តផ្តល់ឱ្យកម្ពុជានោះ គឺគេនឹងបន្តផ្តល់ឱ្យជាយូរមកហើយ ខណៈកន្លងមកកម្ពុជាក៏បានស្នើសុំការបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSPនេះពីអាមេរិកជាច្រើនលើកច្រើនសាររួចមកហើយ។ សម្រាប់អ្នកជំនាញរូបនេះទោះទទួលបាន ឬមិនទបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកយ៉ាងណាក្តី លោកបណ្ឌិត ហុង វណ្ណៈ ជឿជាក់ថា ការធ្វើកិច្ចពាណិជ្ជកម្មទ្វេភគីរវាងកម្ពុជា-អាមេរិក នៅតែទទួលបានលទ្ធផលល្អ និងធ្វើពាណិជ្ជកម្មដោយស្មើមុខស្មើមាត់ជាមួយគ្នា។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទំហំជាង ៩ពាន់លានដុល្លារ កើនឡើង ១៨% បើធៀបឆ្នាំ២០២១។ ដោយឡែក នៅឆមាសទី១ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទំហំជាង៤ពាន់លានដុល្លារ ថយចុះជាង៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕