Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាពត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)

Media LNN | May 10, 2024
សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាពត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)
Clinic narith

 

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពការងាររបស់ក្រុមហ៊ុនលោក តាមរយៈការបណ្តុះបណ្តាលលើជំនាញភាពជាអ្នកដឹកនាំ (Leadership) នៅតាមបណ្តាប្រទេសនានា លើពិភពលោក។ លោកបណ្ឌិត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាឱកាសនេះ គឺជាលើកទី១របស់លោក ហើយការអញ្ជើញមកនេះមានគោលបំណងក្នុងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ (Soft Skills) ដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ (Leadership) ដោយលោកបណ្ឌិតបានផ្តល់វគ្គបណ្តុះបណ្តាលជូននិស្សិតកម្ពុជាជាង ២ ០០០នាក់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៤។ ទន្ទឹមនោះ លោកបណ្ឌិត បានគោរពជម្រាបពីបំណងក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតពិសេសលើការកសាងជំនាញភាពជាអ្នកដឹកនាំ ហើយលោកបណ្ឌិត ក៏បានបង្ហាញពីបំណងពង្រីកកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ នាអនាគតកាល។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនរបស់លោកបណ្ឌិត ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតកម្ពុជា ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយសម្តេចធិបតី បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺផ្តោតលើការបង្កើនគុណភាពសិក្សាអប់រំ និងការបង្កើនជំនាញបច្ចេកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញទន់ដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ដោយសម្តេចធិបតី បានសង្កត់ធ្ងន់ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និង ជំនាញទន់(Soft Skills)។

មុននឹងបញ្ចប់ សម្តេចធិបតី បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញទន់ ជាពិសេសភាពជាអ្នកដឹកនាំនេះគឺពិតជាមានសារៈសំខាន់ និងជាតម្រូវការរបស់អង្គភាព និងស្ថាប័ន ទាំងវិស័យសាធារណៈ និងឯកជន ព្រោះថាដើម្បីអាចប្រែក្លាយទៅជាអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយនឹងការលើកទឹកចិត្ត និងការប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯង ជាមុនសិន។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល និងគណៈប្រតិភូ ទទួលបានជោគជ័យនាដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕