សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់ខ្លួនតាមបញ្ជារបស់មេដឹកនាំគីម ជុងអ៊ុន ដើម្បីបង្កើនការការពាររបស់ខ្លួន និងរៀបចំសម្រាប់ "ការប្រឈមមុខគ្នាដ៏យូរ" ជាមួយសហរដ្ឋអាមេរិក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបញ្ជាក់ថាវាជាប្រភេទមីស៊ីលវ៉ាសុង-១៧ (Hwasong-17) ដែលត្រូវបានធ្វើតេស្ដក្រោម ការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ហើយ អាវុធនេះត្រូវបានបាញ់ចេញពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង ធ្វើដំណើរឡើងដល់កម្ពស់អតិបរមា 6,248 គីឡូម៉ែត្រ (3,880 ម៉ាយ) និងហោះបានចម្ងាយ 1,090 គីឡូម៉ែត្រ (680 ម៉ាយ) ក្នុងអំឡុងពេលហោះហើររយៈពេល 67 នាទី មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ នៃប្រទេសជប៉ុន។
គួរបញ្ជាក់ថា បើតាម KCNA, Hwasong-17 គឺជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលកូរ៉េខាងជើងសម្ញែងជាលើកដំបូងក្នុងព្យុហយាត្រាយោធា កាលពីខែតុលា ឆ្នាំ២០២០ និងត្រូវបានអ្នកជំនាញខ្លះដាក់រហ័ស្សនាមឱ្យថា «មីស៊ីលបិសាច»៕