លោកប្រធានាធិបតីអ៊ីស្រាអែល Issac Herzog ថ្មីៗនេះ បានថ្កោលទោសលើសំណុំរឿងក្តីរបស់ប្រទេសអាហ្វ្រិកខាងត្បូងដែលបានប្តឹងចោទអ៊ីស្រាអែលទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នាទីក្រុងឡាអេប្រទេសហូឡង់ ។
តាមប្រភពសារព័ត៌មាន RT បានឲ្យដឹងថា លោកប្រធានាធិបតីអ៊ីស្រាអែល Issac Herzog បានច្រានចោលនូវបណ្តឹងចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ ក្រោយពីព្រឹត្តិការណ៍តបតរំជើបរំជួល ៧ តុលា ២០២៣ ដែលបង្កឲ្យមានជនស៊ីវិលរាប់ម៉ឺននាក់ស្លាប់នៅតំបន់ហ្គាហ្សា ។
ការលើកឡើងនេះ ក្រោយពីប្រទេសអាហ្វ្រិកខាងត្បូងបានដាក់បណ្តឹងទៅតុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិ កាលពីចុងឆ្នាំ២០២៣ ។ ក្នុងនោះអាហ្វ្រិកខាងត្បូងបានចោទប្រកាន់អ៊ីស្រាអែលថា បំពានច្បាប់មនុស្សធម៌អន្តរជាតិ ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍លើប្រជាជាតិប៉ាឡេស្ទីន ។
ទន្ទឹមនោះ បើតាមការលើកបង្ហាញរបស់អាហ្រ្វិកខាងត្បូងដែលមាននិន្នាការមិនគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលបានឲ្យដឹងថា រហូតមកដល់ពេលនេះមនុស្សប្រមាណជាង ២២,០០០ នាក់បានស្លាប់បាត់បង់ជីវិតនៅតំបន់ហ្គាហ្សា គឺដោយសារតែប្រតិបត្តិការវាយសន្ធាប់ពីសំណាក់យន្តហោះចម្បាំង និងកម្លាំងទ័ពអ៊ីស្រាអែល ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Issac បានបញ្ជាក់ថា “គ្មានអ្វីដែលខុសឆ្គង និងមិនសមហេតុផលជាងបណ្តឹងរបស់អាហ្វ្រិកខាងត្បូងដែលប្តឹងនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នោះទេ ។ តាមពិតទៅ សត្រូវរបស់ពួកយើងគឺក្រុមហាម៉ាស ហើយនៅក្នុងគំនិតពួកគេគឺបំផ្លាញជាតិរបស់យើង, គឺអ៊ីស្រាអែល រដ្ឋតែមួយគត់នៃប្រជាជាតិជ្វីហ” ។
បន្ថែមពីនោះ ប្រធានាធិបតីខាងលើក៏បានបន្ថែមទៀតថា “អ៊ីស្រាអែលនឹងបើកបង្ហាញករណីនេះថា ជាសិទ្ធិការពារខ្លួនដែលមាន នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ”។
យ៉ាងណាមិញ កងកម្លាំងការពារជាតិអ៊ីស្រាអែល រួមទាំងរដ្ឋាភិបាលបានលើកឡើងថា គឺត្រូវបន្ទោសក្រុមហាម៉ាសទៅវិញទេ សម្រាប់ការស្លាប់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា។ នេះក៏ដោយហេតុថាពួកគេបានយកប្រជាជនជាខែលការពារ ខណៈពេលដែលអ៊ីស្រាអែលបានព្យាយាមអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីកាត់បន្ថយមិនឲ្យការប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលជាច្រើន ៕