(ភ្នំពេញ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះបានចេញផ្សាយរបាការណ៍ ដោយព្យាករណ៍សេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើង ៥.៣ភាគរយ នៅឆ្នាំ២០២៣ និង៦ ភាគរយ នៅឆ្នាំ២០២៤។
ការព្យាករណ៍នេះ ធ្វើឡើងបន្ទាប់ក្រុមបេសកកម្មមាត្រា IV របស់ IMF ដែលដឹកនាំដោយលោក Davide Furceri បានបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ៣១ ខែតុលា ឆ្នាំ២០២៣។ បេសកកម្មត្រូវបានធ្វើឡើង ដើម្បីតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ប្រចាំឆ្នាំ ២០២៣ និងទស្សនវិស័យអនាគត។
យោងតាមសេចក្តីថ្លែងការណ៍បឋមរបស់ក្រុមបេសកកម្មមាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា កំណើននេះ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើននៃការនាំចេញបន្ទះសូឡា និងគ្រឿងបន្គុំអគ្គិសនី ដែលជាកត្តាជំរុញកំណើនដ៏សំខាន់។ តែយ៉ាងការនាំចេញសម្លៀកបំពាក់ នៅតែមានភាពទន់ខ្សោយ ដោយបង្ហាញសញ្ញានៃការងើបឡើងវិញតិចតួច ក្នុងប៉ុន្មានខែថ្មីៗនេះ។ ចំណែកវិស័យសំណង់វិញ បានបង្ហាញការងើបឡើងវិញយឺតយ៉ាវ។
អតិផរណាបានស្ទុះងើបឡើងវិញដល់ ៣.៨% ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយសារតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកាន់តែខ្ពស់។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣ អតិផរណាត្រូវបានគេព្យាករណ៍ថា ស្ថិតក្នុងកម្រិតជាមធ្យម ២.៣ ភាគរយ ហើយអាចនឹងឈានដល់ ៣ភាគរយនៅឆ្នាំ២០២៤ ដោយសារកើនឡើងនៃតម្លៃទំនិញបន្ថែម។
ឱនភាពគណនីចរន្តបានរួមតូច នៅឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតជាបណ្តើរៗ ដោយសារតែការងើបឡើងវិញយ៉ាងខ្លាំងនៃការនាំចេញផលិតផលមិនមែនកាត់ដេរ ទេសចរណ៍ និងលំហូរផ្ទេរប្រាក់។ ចំណែកទុនបម្រុងអន្តរជាតិ ត្រូវបានគេរំពឹងថានឹងនៅតែមានស្ថិរភាព។
រីឯបំណុលសាធារណៈ ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងកម្រិតមធ្យម ក្នុងកំឡុង១ទសវត្សរ៍ចុងក្រោយនេះ ហើយហានិភ័យនៃវិបត្តិបំណុល នៅតែមានកម្រិតទាប។
IMF បានលើកឡើងថា ការកែទម្រង់រចនាសម្ព័ន្ធគួរតែផ្តោតលើការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ការវិនិយោគលើកត្តាជំរុញកំណើនថ្មី និងជំរុញការវិនិយោគ លើការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ ការធ្វើពិពិធកម្មនាពេលថ្មីៗ គឺការផលិតបន្ទះសូឡា និងគ្រឿងបន្លាស់អគ្គិសនី កំពុងលើកទឹកចិត្តនៅក្នុងបរិបទនេះ។ ការពង្រឹងអភិបាលកិច្ចសាធារណៈ និងតម្លាភាព នឹងមានសារៈសំខាន់ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
IMF នឹងបន្តផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយកែលម្អស្ថិតិ និងក្នុងផ្នែកផ្សេងទៀតនៃការអភិវឌ្ឍន៍សមត្ថភាព៕