Alynana Media Cambodia
Icon Collap
clinic narit

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្រមានថា បំណុលរបស់រដ្ឋាភិបាលអាម៉េរិក និងជះផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុពិភពលោក

Media LNN | Apr 19, 2024
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្រមានថា បំណុលរបស់រដ្ឋាភិបាលអាម៉េរិក និងជះផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុពិភពលោក
Clinic narith

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា កម្រិតបំណុលខ្ពស់ដែលចេះតែកើនឡើងមិនឈប់ឈររបស់រដ្ឋាភិបាលអាម៉េរិក អាចជំរុញឱ្យអត្រាការប្រាក់ហក់ឡើងខ្ពស់ទូទាំងពិភពលោក និងធ្វើឱ្យខូចដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ពិភពលោកទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃពុធ ទី១៧ ខែមេសា ថា ការកើនឡើងនូវការចំណាយរបស់រដ្ឋាភិបាល ការកើនឡើងនូវបំណុលសាធារណៈ និងការហក់ឡើងនូវអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក បានរួមចំណែកធ្វើឱ្យផលបត្ររតនាគារអាម៉េរិក និងអត្រាការប្រាក់ហក់ឡើងខ្ពស់ ជាហេតុបង្កហានិភ័យធ្វើឱ្យអត្រាការប្រាក់ហក់ឡើងទូទាំងពិភពលោក។

លោក វីទ័រ ហ្គាស្ប៉ា (Vitor Gaspar) ប្រធានផ្នែកកិច្ចការសារពើពន្ធនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គោលនយោបាយសារពើពន្ធធូររលុងនៅសហរដ្ឋអាម៉េរិក បានបង្កើនសម្ពាធលើអត្រាការប្រាក់ទូទាំងពិភពលោក និងប្រាក់ដុល្លារ ហើយជាលទ្ធផលធ្វើឱ្យស្ថានភាពផុយស្រួយ និងហានិភ័យដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង។

នេះជាលើកទី២ ហើយក្នុងសប្តាហ៍នេះ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយវាយប្រហារទៅលើរដ្ឋាភិបាលអាម៉េរិក។ កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា កំណើននៃការចំណាយសាធារណៈ និងការខ្ចីបុលបានរួមចំណែកធ្វើឱ្យអតិផរណាហក់ឡើងខ្ពស់ ដែលធ្វើឱ្យធនាគារកណ្តាលអាម៉េរិក ពិបាកនឹងគ្រប់គ្រង។

អត្រាការប្រាក់ហក់ឡើងខ្ពស់ធ្វើឱ្យគ្រួសារពលរដ្ឋ និងអាជីវកម្មនានាចំណាយច្រើនជាងមុនក្នុងការទទួលបានកម្ចីឥណទាន ដែលបង្កឱ្យប្រាក់ចំណេញនៅតាមធនាគារ និងគ្រឹះស្ថានផ្តល់ប្រាក់កម្ចីផ្សេងៗទៀតធ្លាក់ចុះ ហើយជាលទ្ធផលបង្កើនអស្ថិរភាពហិរញ្ញវត្ថុ។

ការព្រមានរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះផលវិបាកបង្កឡើងដោយបំណុល ដែលរីកកាន់តែធំរបស់រដ្ឋាភិបាលអាម៉េរិក ដែលក្រសួងរតនាគារអាម៉េរិក អះអាងថា បានឈានដល់ជិត៣៥ទ្រីលានដុលល្លារទៅហើយនៅពេលនេះ៕