Alynana Media Cambodia
Icon Collap
clinic narit

IMF បានអះអាងថា អាស៊ីនឹងរួមចំណែក៦០% ក្នុងកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ខណៈឥណ្ឌានឹងរួមចំណែកធំជាងគេ

Media LNN | Apr 20, 2024
IMF បានអះអាងថា អាស៊ីនឹងរួមចំណែក៦០% ក្នុងកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ខណៈឥណ្ឌានឹងរួមចំណែកធំជាងគេ
Clinic narith

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា អាស៊ីបានដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។ បើតាមការព្យាកររបស់ស្ថាប័ននេះអាស៊ីនឹងរួមចំណែករហូតដល់៦០%ឯណោះ នៃកំណើនសេដ្ឋកិច្ចសកលសរុបនៅឆ្នាំនេះ ក្នុងនោះឥណ្ឌា ដែលជាមហាអំណាចសេដ្ឋកិច្ចថ្មីមួយក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចកំពូលទាំង៥របស់ពិភពលោក នឹងរួមចំណែកធំជាងគេ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថាអាស៊ីនឹងក្លាយជាក្បាលម៉ាស៊ីន​ដ៏សំខាន់ក្នុងការជួយជំរុញ​កំណើន​​សេដ្ឋកិច្ចរបស់ពិភពលោកនៅឆ្នាំនេះ ជាមួយការរួមចំណែករហូតដល់៦០%​នៃកំណើនផលិត​ផល​សរុបរបស់ពិភពលោក។ ស្ថាប័ននេះព្យាករថា អាស៊ីនឹងទទួលកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៥% នៅឆ្នាំ២០២៤ នេះ ប្រសើរជាងការព្យាករកាលពីមុនប្រមាណ០,៣% តែអាចធ្លាក់ចុះមកវិញ​បន្តិចនៅ​ត្រឹម៤,៣%នៅក្នុងឆ្នាំ២០២៥។

របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចនៅអាស៊ី ដែលបង្ហាញដោយនាយកដ្ឋានកិច្ចការអាស៊ី និង​ប៉ាស៊ីហ្វិករបស់ IMF បានឲ្យដឹងថា ឥណ្ឌា និងចិនត្រូវបានគេព្យាករណ៍ថា ជាកត្តាជំរុញដ៏ធំបំផុតនៃ​កំណើននេះ។ ក្នុងនោះឥណ្ឌាត្រូវបានព្យាករថា នឹងទទួលបានកំណើនសេដ្ឋកិច្ច​ក្នុងរង្វង់៦,៨%នៅ​ឆ្នាំនេះ ដែលជាកំណើនខ្ពស់បំផុតមួយបើធៀបនឹងមហាអំណាចសេដ្ឋកិច្ចផ្សេងៗ ខណៈប្រទេសចិន​រំពឹងទទួលបានកំណើនក្នុងរង្វង់៤,៦%។

ជាមួយគ្នានេះ ប្រទេសក្នុងតំបន់អាស៊ានមួយចំនួន រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ត្រូវបានព្យាករថា នឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៥% ខណៈដែលវៀតណាម​ត្រូវបាន​គេព្យាករ​ថា នឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបជិត៦%។

មូលនិធិរូបិយវត្ថុអន្តរជាតិជឿជាក់ថា វិនិយោគិនចិន និងឥណ្ឌាទំនងជាបានត្រៀមខ្លួនរួចរាល់ហើយក្នុង​ការ​ជួយជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងពីរ។ ប៉ុន្តែស្ថាប័នហិរញ្ញវត្ថុ​មួយនេះបាន​សងកត់​ធ្ងន់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនៅតែផ្សា​រភ្ជាប់យ៉ាងរឹងមាំជាមួយ​នឹងគោល​នយោបាយ​រូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក។

ពាក់ព័ន្ធនឹងកំណើននេះ លោក គ្រីស្នា ស្រ៊ីនីវ៉ាសាន (Krishna Srinivasan) នាយក IMF ប្រចាំតំបន់​អាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា ការជំរុញណាមួយចំពោះកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា និងចិន​នឹងមានផលប៉ះពាល់ដល់ប្រទេសនានានៅតំបន់អាស៊ី។ យ៉ាងណាក៏ដោយ​ប្រទេសមួយចំនួនដែល​មាន​ទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយប្រទេសចិន និងឥណ្ឌា នឹងទទួលបានអត្ថប្រយោជន៍កាន់​តែច្រើន៕