Alynana Media Cambodia
Icon Collap
clinic narit

មូលនិធិ IMF កាត់បន្ថយការកម្រៃសេវាលើប្រាក់កម្ចីសម្រាប់សមាជិកសរុប ១,២ពាន់លានដុល្លារក្នុងមួយឆ្នាំ

Media LNN | Oct 14, 2024
មូលនិធិ IMF កាត់បន្ថយការកម្រៃសេវាលើប្រាក់កម្ចីសម្រាប់សមាជិកសរុប ១,២ពាន់លានដុល្លារក្នុងមួយឆ្នាំ
Clinic narith

(វ៉ាស៊ីនតោន)៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អ្នកស្រី Kristalina Georgieva បាននិយាយថា មូលនិធិ IMF បានអនុម័តវិធានការដែលនឹងកាត់បន្ថយការចំណាយលើការខ្ចីប្រាក់របស់សមាជិករបស់ខ្លួនក្នុងទឹកប្រាក់សរុបប្រហែល ១,២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកស្រី Georgieva ខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «វិធានការដែលបានអនុម័តនេះនឹងកាត់បន្ថយការចំណាយលើការខ្ចីប្រាក់របស់ IMF សម្រាប់សមាជិកចំនួន ៣៦ភាគរយឬប្រហែល ១,២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ»។ អ្នកស្រីបានបន្ថែមថា៖ «មានការរំពឹងថា ចំនួនប្រទេសដែលត្រូវបង់កម្រៃបន្ថែម (surcharges) ក្នុងឆ្នាំសារពើពន្ធ២០២៦ នឹងធ្លាក់ចុះពី ២០ មកនៅត្រឹម ១៣ប្រទេស»។

នៅឆ្នាំនេះ មូលនិធិ IMF បានសម្រេចចិត្តពិនិត្យឡើងវិញនូវគោលនយោបាយរបស់ខ្លួនលើកម្រៃសេវា (charges) និងកម្រៃសេវាបន្ថែម (surcharges) ជាលើកដំបូងគិតគិតចាប់តាំងពីឆ្នាំ២០១៦ ដោយសារអត្រាការប្រាក់ខ្ពស់នៅទូទាំងពិភពលោកបានជំរុញឱ្យការចំណាយលើការខ្ចីប្រាក់កាន់តែខ្ពស់។

មូលនិធិ IMF ជាធម្មតាគិតការប្រាក់ជាទៀងទាត់លើសមាជិករបស់ខ្លួនដែលខ្ចីប្រាក់ បូកបន្ថែមកម្រៃសេវាបន្ថែមសម្រាប់ប្រាក់កម្ចីលើសពីកម្រិតកំណត់បរិមាណឬរយៈពេលកម្ចីជាក់លាក់ណាមួយ និងកម្រៃផ្សេងៗទៀតដូចជាការខ្ចីបន្ទាន់ក្នុងគ្រាត្រូវការសាច់ប្រាក់ណាមួយ (commitment fee)។

មូលនិធិ IMF បានឱ្យដឹងទៀតថា ការគិតកម្រៃបន្ថែមលើអត្រាការប្រាក់នឹងត្រូវបានទម្លាក់ ខណៈពេលដែលកម្រិតកំណត់បរិមាណនិងរយៈពេលកម្ចីនឹងកើនឡើង ហើយកម្រិតកំណត់សម្រាប់កម្រៃលើកម្ចីបន្ទាន់ក៏កើនឡើងផងដែរ។

អ្នកស្រី Georgieva បានមានប្រសាសន៍ថា៖ «បើទោះជាមានការទម្លាក់កម្រៃយ៉ាងខ្លាំងក៏ដោយ កម្រៃសេវា និងកម្រៃសេវាបន្ថែមនៅតែជាផ្នែកសំខាន់មួយនៃការផ្តល់កម្ចីសហប្រតិបត្តិការ និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ IMF ដដែលដែលសមាជិកទាំងអស់ត្រូវបង់ ហើយសមាជិកទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីការគាំទ្រនៅពេលចាំបាច់»។

វិធានការថ្មីដែលត្រូវបានអនុម័តនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំនេះ។ យោងតាមការស្រាវជ្រាវពីមជ្ឈមណ្ឌលគោលនយោបាយអភិវឌ្ឍន៍សកលនៃសាកលវិទ្យាល័យបូស្តុនបានបង្ហាញថា បច្ចុប្បន្ន ប្រទេសចំនួនប្រាំដែលបង់កម្រៃសេវាបន្ថែមខ្ពស់បំផុតគឺអ៊ុយក្រែន អេហ្ស៊ីប អាហ្សង់ទីន អេក្វាឌ័រ និងប៉ាគីស្ថាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕