Alynana Media Cambodia
Icon Collap
clinic narit

តើ IMF បានព្រមានយ៉ាងណាចំពោះស្ថានភាពទីផ្សារអចលនទ្រព្យរបស់ចិន?

Media LNN | Oct 24, 2024
តើ IMF បានព្រមានយ៉ាងណាចំពោះស្ថានភាពទីផ្សារអចលនទ្រព្យរបស់ចិន?
Clinic narith

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅប្រទេសចិនអាចនឹងកាន់តែអាក្រក់ទៅៗ ខណៈដែលស្ថាប័ននេះ បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២២ ខែតុលា ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន សម្រាប់ឆ្នាំ២០២៤ មកនៅត្រឹមរង្វង់៤,៨% ដោយទាបជាងការព្យាកររបស់ខ្លួនកាលពីអំឡុងខែកក្កដា០,២%។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករទៀតថា ប្រទេសចិន អាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៥% នៅឆ្នាំ២០២៥។

អង្គការដែលមានមូលដ្ឋាននៅវ៉ាស៊ីនតុន ឌីស៊ី សហរដ្ឋអាម៉េរិក ខាងលើនេះ ក៏បានគូសបញ្ជាក់ដែរថា ការដាំក្បាលចុះលើសពីការរំពឹងទុកនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន អាចបង្កជាហានិភ័យដ៏ធំមួយក្នុងចំណោមហានិភ័យធំៗជាច្រើន សម្រាប់សេដ្ឋកិច្ចពិភពលោក។ របាយការណ៍នេះបានព្រមានថា ស្ថានភាពទីផ្សារអចលនទ្រព្យចិន អាចនឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលតម្លៃអចលនទ្រព្យ និងការវិនិយោគក្នុងប្រទេសនេះកាន់តែធ្លាក់ចុះបន្ថែមទៀត។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានធ្វើការកត់សម្គាល់នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនថា មិនខុសពីវិបត្តិអចលនទ្រព្យកាលពីអតីតកាលក្នុងប្រទេសនានាដូចជាប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងនៅសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០០៨ នោះឡើយ ប្រសិនបើវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន មិនត្រូវបានដោះស្រាយទេនោះ តម្លៃអចលនទ្រព្យអាចបន្តធ្លាក់ចុះបន្ថែមទៀត។ ហើយជាលទ្ធផល កត្តានេះអាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជនជាអ្នកប្រើប្រាស់ធ្លាក់ចុះ ហើយការចំណាយចាយវាយក្នុងគ្រួសារ និងតម្រូវការក្នុងស្រុកក៏ធ្លាក់ចុះទៅតាមនោះដែរ។

គួររំឭកថា ប្រទេសចិន នៅប៉ុន្មានខែចុងក្រោយនេះ បានប្រកាសដាក់ចេញនូវវិធានការជាច្រើនក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ ហើយកាលពីអំឡុងខែកញ្ញា កន្លងទៅថ្មីៗនេះ ធនាគារកណ្ដាចិន បានប្រកាសដាក់ចេញវិធានការគាំទ្រជាច្រើនរួមទាំងការកាត់បន្ថយអនុបាតដើមទុនបម្រុងអប្បបរមារបស់គ្រឹះស្ថានធនាគារផងដែរ៕