Alynana Media Cambodia
Icon Collap
clinic narit

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា ហានិភ័យអប្បផរណារបស់មហាយក្សចិន កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ

Media LNN | Nov 09, 2024
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា ហានិភ័យអប្បផរណារបស់មហាយក្សចិន កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ
Clinic narith

ប្រធានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំតំបន់ប៉ាស៊ីហ្វិក បានប្រាប់សារព័ត៌មាន នីកេ អេស៊ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា លោកមានការព្រួយបារម្ភពីការកើនឡើងហានិភ័យអប្បផរណា (Deflation) ឬការធ្លាក់ចុះថ្លៃទំនិញ និងសេវាកម្មក្នុងប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់ និងធំបំផុតទី២របស់ពិភពលោក ដែលជាលទ្ធផលនឹងជះផលប៉ះពាល់ដល់បណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ។

លោក គ្រឹះស្នា ស្រ៊ីនីវ៉ាសាន់ (Krishna Srinivasan) ប្រធានស្ថានប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំតំបន់ប៉ាស៊ីហ្វិក បានលើកឡើងក្នុងបទសម្ភាស មួយកាលពីសប្ដាហ៍មុនថា ហានិភ័យអប្បផរណាកំពុងកើនឡើងនៅក្នុងប្រទេសចិន ហើយបានគូសបញ្ជាក់ថា វាជាក្ដីបារម្ភដ៏ធំមួយ ខណៈដែលអតិផរណាធ្លាក់ចុះទាបខ្លាំងពេក ហើយតម្រូវការក្នុងស្រុកក៏ធ្លាក់ចុះនៅក្នុងប្រទេសនេះ។

អ្នកជំនាញរូបនេះបានបន្ថែមថា អតិផរណាស្នូល ដែលមិនរាប់បញ្ចូលថ្លៃចំណីអាហារ និងប្រេងឥន្ធនៈ គឺស្ថិតក្នុងកម្រិតទាបខ្លាំងក្នុងរង្វង់ត្រឹមតែ០,១%ប៉ុណ្ណោះកាលពីអំឡុងខែកញ្ញា ដោយធ្លាក់ចុះពី០,៣%ក្នុងខែសីហា ដែលនេះជាសញ្ញាបង្ហាញពីការកើនឡើងហានិភ័យអប្បផរណា។

អ្នកជំនាញរូបនេះមើលឃើញថា ហានិភ័យអប្បផរណាទាំងនេះអាចនឹងធ្វើឱ្យសេដ្ឋកិច្ចចិន ដាំក្បាលចុះកាន់តែខ្លាំង ហើយជាលទ្ធផលវានឹងជះផលប៉ះពាល់ដល់បណ្ដាប្រទេសផ្សេងទៀតនៅអាស៊ី ដោយសារប្រទេសទាំងនេះមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន។

អតិផរណា (Inflation) សំដៅដល់ស្ថានភាពស្រុកទេសដែលទំនិញ និងសវាកម្មឡើងថ្លៃ ហើយតម្លៃលុយចុះថោក រីឯអប្បផរណា (Deflation) ជាពាក្យផ្ទុយដែលសំដៅដល់ស្ថានភាពស្រុកទេសដែលតម្លៃទំនិញ និងសេវាកម្មចុះថោក។

ជាការពិតណាស់ថា នៅពេលទំនិញ និងសេវាកម្មចុះថោកដែលភាសាបច្ចេកទេសហៅក្ដោបរួមថា អប្បផរណា វានឹងជួយឱ្យពលរដ្ឋមានលទ្ធភាពចាយស្រួល និងច្រើនជាងមុន។ ប៉ុន្តែទន្ទឹមនេះ អប្បផរណា ក៏អាចទាញសេដ្ឋកិច្ចរបស់ប្រទេសមួយឱ្យធ្លាក់ចូលក្នុងវិបត្តិផងដែរ ព្រោះវានឹងធ្វើឱ្យអតិថិជនជាអ្នកប្រើប្រាស់កាត់បន្ថយការចំណាយ ហើយការបាត់បង់អ្នកទិញនេះ នឹងធ្វើឱ្យក្រុមហ៊ុនសហគ្រាសនានាត្រូវបង្ខំចិត្តកាត់បន្ថយផលិតកម្ម បញ្ចុះតម្លៃបន្ថែមទៀត ដើម្បីបញ្ចេញស្តុកទំនិញដែលគាំងលក់មិនចេញ ហើយក៏ឈានទៅដល់ការកាត់បន្ថយបុគ្គលិកដែលធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ ហើយសរុបមក វានឹងទាញកំណើនសេដ្ឋកិច្ចទាំងមូលឱ្យដាំក្បាលចុះ៕