លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានលើកឡើងថា សេដ្ឋកិច្ចពិភពលោកពេលនេះកំពុងឆ្ពោះទៅរកស្ថានភាពអាចគ្រប់គ្រងបាន ខណៈដែលអតិផរណាកំពុងធ្លាក់ចុះ ហើយការបញ្ចុះអត្រាការប្រាក់ក៏នឹងកើតមាននៅពេលដ៏ខ្លីខាងមុខ។
ប៉ុន្តែទន្ទឹមនេះលោកស្រីព្រមានថា ការកើនឡើងនៃការរឹតបន្តឹងពាណិជ្ជកម្ម រួមទាំងការដំឡើងពន្ធគយផងពីសំណាក់មហាអំណាចធំៗបំផុតរបស់ពិភពលោក គឺជាហានិភ័យគួរឱ្យព្រួយបារម្ភបំផុតដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះរហូតដល់ទៅ៧%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានតាមដាន និងរកឃើញថា ការរឹតបន្តឹងពាណិជ្ជកម្មរួមទាំងការដំឡើងពន្ធផងក្នុងឆ្នាំកន្លងទៅ បានកើនឡើង១គុណនឹង៣ ហើយលោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ដែលជានាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអះអាងថា ២ភាគ៣នៃការដំឡើងពន្ធទាំងនោះមិនសមស្របដែលអាចទទួលយកបាន និងជាអ្វីដែលគួរឱ្យព្រួយបារម្ភបំផុត។
លោកស្រីបានសង្កត់ធ្ងន់ថា វិធានការរឹតបន្តឹងពាណិជ្ជកម្មទាំងនេះភាគច្រើនចេញពីមហាអំណាចធំៗ ពោលគឺសហរដ្ឋអាម៉េរិក មហាយក្សចិន និងសហភាពអឺរ៉ុប ដែលស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF រកឃើញថា មានតែ១ភាគ៣ប៉ុណ្ណោះនៃការរឹតបន្តឹងទាំងនោះដែលសមស្របអាចទទួលយកបាន។
លោកស្រីបានគូសបញ្ជាក់ថា គ្រប់គ្នាត្រូវតែទទួលស្គាល់ថា មានហេតុផលមួយចំនួននៅពីក្រោយការរឹតបន្តឹងពាណិជ្ជកម្ម និងការដំឡើងពន្ធទាំងនេះ ហើយថា មិនមែនគ្រប់គ្នាសុទ្ធតែទទួលបានអត្ថប្រយោជន៍ច្រើនពីសកលភាវូបនីយកម្មនោះឡើយ។
លោកស្រីក៏បានធ្វើការកត់សម្គាល់ផងដែរថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបង្រៀនប្រទេសជាច្រើនអំពីសារសំខាន់នៃសន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពចាំបាច់ដែលប្រទេសនានាត្រូវធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់៕