Alynana Media Cambodia
Icon Collap
clinic narit

មូលនិធិ IMF និង WB ជំរុញឱ្យបង្កើនមូលនិធិកាត់បន្ថយភាពក្រីក្រ និងប្រយុទ្ធការប្រែប្រួលអាកាសធាតុ

Media LNN | Oct 17, 2023
មូលនិធិ IMF និង WB ជំរុញឱ្យបង្កើនមូលនិធិកាត់បន្ថយភាពក្រីក្រ និងប្រយុទ្ធការប្រែប្រួលអាកាសធាតុ
Clinic narith

(ម៉ារ៉ាកេស)៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅចុងសប្តាហ៍មុនបានជំរុញប្រទេសជាសមាជិកឱ្យបង្កើនមូលនិធិ ដើម្បីជួយប្រទេសក្រីក្រ ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ស្ថាប័នផ្តល់ប្រាក់កម្ចីអន្តរជាតិទាំងពីរនេះ បានធ្វើការអំពាវនេះ នៅក្នុងកិច្ចពិភាក្សារយៈពេលមួយសប្តាហ៍របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីជុំវិញពិភពលោក ដែលធ្វើឡើងនៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក។

លោក Ajay Banga ប្រធានធនាគារពិភពលោក ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងក្នុងសុន្ទរកដ៏សំខាន់លើកដំបូងរបស់គាត់ គិតចាប់តាំងពីចូលកាន់តំណែងកាលពីខែមិថុនាថា៖ «យើងប្រឈមនឹងការថយចុះវឌ្ឍនភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ»។

លោកបានមានប្រសាសន៍ថា «យើងប្រឈមនឹងវិបត្តិអាកាសធាតុ អសន្តិសុខស្បៀង ភាពផុយស្រួយ ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតដ៏រដាក់រដុប ហើយយើងទាំងអស់គ្នា កំពុងមានអារម្មណ៍ថា ទទួលរងផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធ»។

លោក Banga បានជំរុញឱ្យមានការផ្លាស់ប្តូរ នៅធនាគារពិភពលោក ចាប់តាំងពីប្រធានាធិបតី Joe Biden បានតែងតាំងគាត់ឱ្យស្នងតំណែងលោក David Malpass។

លោក Banga បាននិយាយថា «ថ្ងៃនេះមានចក្ខុវិស័យ និងបេសកកម្មថ្មីមួយសម្រាប់ធនាគារពិភពលោក ហើយនោះគឺជាការបង្កើតពិភពលោក ដែលគ្មានភាពក្រីក្រនៅលើភពផែនដីដែលអាចរស់នៅបាន»។ លោកបានបន្ថែមថា៖ «ប៉ុន្តែបញ្ហាគឺស្ថិតនៅលើពេលវេលា»។

តាមរយៈការផ្លាស់ប្តូរតារាងតុល្យការ និងការចូលរួមវិភាគទានពីប្រទេសជាសមាជិក ប្រធានធនាគារពិភពលោករូបនេះនិយាយថា ធនាគារអាចបន្ថែមមូលនិធិជាង ១៥០ ពាន់លានដុល្លារទៀត ទៅក្នុងសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារ ក្នុងរយពេលមួយទសវត្សរ៍ក្រោយ។

ប៉ុន្តែលោក Banga បាននិយាយថា មូលនិធិបន្ថែមទៀតត្រូវការជាចាំបាច់ ខណៈដែលលោកបានអំពាវនាវទៅកាន់ប្រទេសជាសមាជិក បង្កើនមូលនិធិរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើជាស្ថាប័នផ្តល់ប្រាក់កម្ចីដែលអត្រាការប្រាក់សូន្យ និងអត្រាការប្រាក់ទាប ទៅកាន់ប្រទេសក្រីក្របំផុត។

លោកបានមានប្រសាសន៍ថា៖ «យើងកំពុងបង្កើនកម្រិតកំណត់ នៃធនធានសម្បទានដ៏សំខាន់នេះ ហើយគ្មានបរិមាណនៃការគណនាហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតណាមួយ នឹងជំនួសឱ្យការពិតដែលថា យើងត្រូវការមូលនិធិបន្ថែមទៀតនោះទេ»។

អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mastercard រូបនេះបានបន្ថែមថា៖ «កត្តានេះត្រូវតែជំរុញឱ្យយើងម្នាក់ៗ ចាក់បំពេញមូលនិធិឡើងវិញ នៅដំណាក់កាលបន្ទាប់ទៅក្នុងមូលនិធិ IDA ក្នុងបរិមាណច្រើនបំផុតមិនធ្លាប់មាន»។

កញ្ចប់ហិរញ្ញប្បទានចំនួន ៩៣ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តនៅឆ្នាំ២០២១ សម្រាប់ឆ្នាំសារពើពន្ធ២០២២ ដល់២០២៥។ ម្ចាស់ជំនួយជួបប្រជុំរៀងរាល់បីឆ្នាំម្តង ដើម្បីចាក់បន្ថែមធនធានទៅក្នុងមូលនិធិ IDA ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP នាយកគ្រប់គ្រង IMF គឺលោកស្រី Kristalina Georgieva បានកត់សម្គាល់ថា សេដ្ឋកិច្ចពិភពលោកកំពុងថមថយ ខណៈពេលដែល «ជាងពាក់កណ្តាលនៃប្រទេសដែលមានប្រាក់ចំណូលទាបនៅតែស្ថិតក្នុង ឬប្រឈមនឹងហានិភ័យខ្ពស់នៃវិបត្តិបំណុល»។

លោកស្រី Georgieva បានថ្លែងថា មូលនិធិ IMF ចាំបាច់ត្រូវពង្រឹង «ជាបន្ទាន់» តាមរយៈការបង្កើនធនធានកូតារបស់ខ្លួន ពោលគឺជាប្រាក់ដែលសមាជិកដាក់ចូលទៅក្នុងមូលនិធិអាស្រ័យលើទំហំសេដ្ឋកិច្ចរបស់ពួកគេ។

លោកស្រីបាននិយាយថា សមត្ថភាពរបស់មូលនិធិ IMF ក្នុងការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ដល់សមាជិកក្រីក្របំផុតរបស់ខ្លួនក៏ត្រូវការការជំរុញផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕