Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមអាកាសចរណ៍ឥណ្ឌា IndiGo គ្រោងហោះហើរត្រង់ពីទីក្រុងញូដេលី មកកាន់ខេត្តសៀមរាប នៅចុងខែតុលា ខាងមុខ

Media LNN | Jun 15, 2024
ក្រុមអាកាសចរណ៍ឥណ្ឌា IndiGo គ្រោងហោះហើរត្រង់ពីទីក្រុងញូដេលី មកកាន់ខេត្តសៀមរាប នៅចុងខែតុលា ខាងមុខ
Clinic narith

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា បើគ្មានការប្រែប្រួលទេក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងបើកជើងហោះហើរត្រង់ពីទីក្រុងញូដេលី មកកាន់ខេត្តសៀមរាប នៅចុងខែតុលា ឆ្នាំ២០២៤ នេះ ដោយហោះហើរ៧ជើងក្នុង១សប្តាហ៍។ ទន្ទឹមនឹងនេះកម្ពុជានឹងសម្ពោធបើកជើងហោះហើរត្រង់ជាមួយឥណ្ឌា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ចុងសប្តាហ៍នេះ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់ថា បើគ្មានអ្វីប្រែប្រួលទេក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងបើកការហោះហើរត្រង់ពីទីក្រុងញូដេលីមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយហោះ ហើរ៧ជើង ក្នុងមួយសប្តាហ៍។ គម្រោងបើកជើងហោះហើររបស់ក្រុមហ៊ុននេះមកកាន់តែខេត្តសៀមរាប ធ្វើឡើងក្រោយកម្ពុជា និងឥណ្ឌានឹងសម្ពោធបើកការហោះហើរត្រង់ជាមួយគ្នានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាដែលមានក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងហោះហើរចំនួន៤ជើងក្នុង១សប្តាហ៍។

ឯកឧត្តម​ ស៊ីន ចាន់សិរីវុត្ថា យល់ឃើញថា តាមរយៈការបើកតភ្ជាប់ការហោះហើរថ្មីនេះ វានឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរតាមរយៈការជួយកាត់បន្ថយពេលវេលាធ្វើដំណើរ និងការចំណាយកាន់តែតិចជាងមុន ជាពិសេសភាគីទាំងពីរអាចផ្សព្វផ្សាយពីវិស័យទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ស្របពេលដែលកម្ពុជា ប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរតាមរយៈទេសចរណ៍វប្បធម៌ និងសាសនាផងដែរ។

គួរបញ្ជាក់ថា កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ កំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ រួមទាំងចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានភ្ជាប់ជើងហោះហើរពីទីក្រុងឌូបៃមកកាន់ប្រទេសកម្ពុជាឡើងវិញ កាលពីដើមខែឧសភា ឆ្នាំ២០២៤ ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈសិទ្ធិហោះហើរទី៥។

បើតាមរបាយការណ៍ដែលផ្តល់ដោយឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិជាង៥លាន១សែននាក់កើនឡើង១១៥%បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ២០២២ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្បើយ៕