សមាគមសន្តិសុខអ៊ីនធឺណិតចិន (CSAC) បានព្រមានកាលពីថ្ងៃពុធ ទី១៦ ខែតុលា ថា រដ្ឋាភិបាលចិនគួរតែចាប់ផ្តើមត្រួតពិនិត្យឡើងវិញជាប្រព័ន្ធលើផលិតផលរបស់ក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនបន្ទះឈីបដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ដើម្បីការពារសន្តិសុខជាតិរបស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
សមាគមសន្តិសុខអ៊ីនធឺណិតចិន (CSAC) ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន បានស្នើឱ្យក្រុងប៉េកាំង ចាប់ផ្តើមត្រួតពិនិត្យឡើងវិញជាប្រព័ន្ធលើផលិតផលរបស់ក្រុមហ៊ុនបន្ទះឈីបអាម៉េរិក Intel ក្រោមហេតុផលក្រុមហ៊ុននេះបន្តចូលរួមក្នុងសកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន និងគំរាមកំហែងដល់សន្តិសុខជាតិរបស់ចិន។
សមាគមសន្តិសុខអ៊ីនធឺណិតចិន បានសរសេរបង្ហោះលើគណនីផ្លូវការរបស់ខ្លួនតាមបណ្ដាញទំនាក់ទំនងចិន WeChat កាលពីថ្ងៃទី១៦ ខែតុលា ថា បន្ទះឈីប CPU របស់ក្រុមហ៊ុន Intel មានចន្លោះប្រហោងច្រើនផ្នែកសុវត្ថិភាព ប៉ុន្តែក្រុមហ៊ុននេះនៅតែបន្តលក់វាធម្មតាដូចគ្មានរឿងអ្វីកើតឡើង។
សូមបញ្ជាក់ថា Intel គឺជាក្រុមហ៊ុនផលិត Microprocessors ដ៏ធំបំផុតរបស់ពិភពលោកដែលត្រូវបានប្រើប្រាស់នៅក្នុងបន្ទះឈីប CPU របស់កុំព្យូទ័រ និង Servers ហើយអតិថិជនចិនធំៗរបស់ក្រុមហ៊ុន Intel រួមមានទាំងក្រុមហ៊ុន Lenovo ក្រុមហ៊ុន Honor និងក្រុមហ៊ុន Xiaomi ផងដែរ។
សមាគមនេះបានរិះគន់ភាពគួរឱ្យជឿទុកចិត្តបានរបស់ក្រុមហ៊ុន Intel ហើយបានអះអាងថា ក្រុមហ៊ុនអាម៉េរិកមួយនេះមិនអើពើចំពោះការត្អូញត្អែរ ឬពាក្យបណ្ដឹងរបស់អតិថិជនខ្លួននោះឡើយ។ សមាគមនេះអះអាងថា ក្រុមហ៊ុន Intel រួមជាមួយនឹងក្រុមហ៊ុនផ្សេងៗទៀតដូចជាក្រុមហ៊ុនផលិតកុំព្យូទ័រឈានមុខគេរបស់សហរដ្ឋអាម៉េរិក HP ជាដើម កំពុងប្រើប្រាស់ IPMI របស់ខ្លួន ដើម្បីលួចតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ Server៕