Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមសកម្មប្រយុទ្ធ ISIS បានប្រកាសទទួលស្គាល់ពីមរណភាពនៃមេដឹកនាំរបស់ខ្លួន និងតែងតាំងមេដឹកនាំថ្មី

Admin Alynana | Dec 01, 2022
ក្រុមសកម្មប្រយុទ្ធ ISIS បានប្រកាសទទួលស្គាល់ពីមរណភាពនៃមេដឹកនាំរបស់ខ្លួន និងតែងតាំងមេដឹកនាំថ្មី
Clinic narith

(ដូហា)៖ ក្រុមសកម្មប្រយុទ្ធ ISIS បានប្រកាសទទួលស្គាល់ថាមេដឹកនាំរបស់ខ្លួន ឈ្មោះ អាប៊ូ ហាសាន់ អាល់ហាស៊ីមី អាល់គូរ៉ាស៊ី (Abu Hasan al-Hashimi al-Qurashi) ត្រូវបានស្លាប់នៅក្នុងសមរភូមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យម្នាក់របស់ក្រុម ISIS បានប្រកាសពីមរណភាពរបស់ អាប៊ូ ហាសាន់ អាល់ហាស៊ីមី អាល់គូរ៉ាស៊ី ដែលជាជនជាតិអ៉ីរ៉ាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយមិនបានបញ្ជាក់ ពីកាលបរិច្ឆេទ ឬក៏មូលហេតុពិតប្រាកដនៃការស្លាប់នោះទេ ហើយក្នុងពេលជាមួយគ្នា ក្រុម ISIS បានតែងតាំងមេដឹកនាំថ្មី មានឈ្មោះថា អាប៊ូ អាល់ហូសេន អាល់ហូសេននី អាល់គូរ៉ាស៊ី (Abu al-Hussein al-Husseini al-Qurashi)។

គួរបញ្ជាក់ថា ទីបញ្ជាការកណ្ដាលយោធាអាមេរិក CENTCOM ដែលទទួលបន្ទុកប្រតិបត្តិការក្នុងតំបន់មជ្ឈិមបូព៌ា ធ្លាប់បានអះអាងថា អាប៊ូ ហាសាន់ អាល់ហាស៊ីមី អាល់គូរ៉ាស៊ី ត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់កាលពីពាក់កណ្ដាលខែតុលាមកម្ល៉េះ។ អាប៊ូ ហាសាន់ អាល់ហាស៊ីមី អាល់គូរ៉ាស៊ី បានឡើងកាន់តំណែងជាមេដឹកនាំក្រុម ISIS ជំនួស អាប៊ូ អ៉ីប្រាហ៊ីម អាល់គូរ៉ាស៊ី (Abu Ibrahim al-Qurashi) ដែលត្រូវបានសហរដ្ឋអាមេរិកសម្លាប់នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយកាលពីខែកុម្ភៈ នៅខេត្តអ៉ីដលីប (Idlib) ពាយព្យ ប្រទេសស៊ីរី៕