Alynana Media Cambodia
Icon Collap
clinic narit

ទីក្រុងទេសចរណ៍របស់អូស្រ្តាលី កំពុងប្រឈមនឹងទឹកជំនន់ ក្រោយរងឥទ្ធិពលព្យុះស៉ីក្លូន Jasper

Media LNN | Dec 14, 2023
ទីក្រុងទេសចរណ៍របស់អូស្រ្តាលី កំពុងប្រឈមនឹងទឹកជំនន់ ក្រោយរងឥទ្ធិពលព្យុះស៉ីក្លូន Jasper
Clinic narith

(ស៉ីដនី)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អ្នកស្រុកក្នុងទីក្រុងទេសចរណ៍មួយចំនួន នៅភាគឦសាននៃប្រទេសអូស្រ្តាលី កំពុងទប់ទល់នឹងគ្រោះទឹកជំនន់ បន្ទាប់ពី ព្យុះស៉ីក្លូន Jasper វាយប្រហារទូទាំងតំបន់ បណ្តាលឲ្យបាក់រលំដើមឈើ កាត់ផ្តាច់អគ្គិសនី បង្ខំឲ្យជម្លៀសខ្លួន និងបិទផ្លូវធ្វើចរាចរណ៍។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីចុងក្រោយ ការិយាល័យឧតុនិយមអូស្ត្រាលី បានឲ្យដឹងថា ព្យុះស៉ីក្លូន Jasper ដែលឥឡូវនេះថមថយឥទ្ធិពល ទៅជាព្យុះត្រូពិក អាចស្ថិតនៅលើភាគពាយព្យឆ្ពោះទៅកាន់ឈូងសមុទ្រ Carpentaria ហើយអាចបង្កើនឥទ្ធិពលជាព្យុះស៊ីក្លូនវិញ នៅចុងសប្តាហ៍នេះ។ ថ្វីបើឥទ្ធិពលខ្យល់បានធ្លាក់ចុះក៏ដោយ តែការិយាល័យអាកាសធាតុ បានព្រមានអ្នកស្រុកនៅតំបន់ធ្លាប់រងគ្រោះថា ភ្លៀងខ្លាំងអាចបន្តធ្លាក់នៅទីនោះក្នុងរយៈពេល ២៤ម៉ោងបន្ទាប់។

លោកស្រី Laura Boekel មន្រ្តីជាន់ខ្ពស់នៃការិយាល័យឧតុនិយមអូស្រា្តលី បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា «នេះគឺជាការវិវត្តន៍នៃព្យុះ ហើយភ្លៀងមិនទាន់ឈប់ទេ តែវាទំនងជាល្អប្រសើរក្នុងថ្ងៃនេះផងដែរ។ តំបន់ខ្លះទឹកភ្លៀងមានកម្រិតរហូតដល់ ៣០០មីលីម៉ែត្រ ដែលបង្កើនការរំពឹងទុកអំពីទឹកជំនន់ភ្លាមៗ ដែលអាចគំរាមកំហែងដល់អាយុជីវិត»។

គួរបញ្ជាក់ថា ព្យុះស៉ីក្លូន Jasper បានវាយលុកតំបន់ចុងភាគខាងជើងនៃរដ្ឋ Queensland ជាកន្លែងដែលមានរមណីយដ្ឋានច្រើនស្ថិតនៅតាមបណ្តោយឆ្នេរ ដ៏ល្បីល្បាញលើពិភពលោក បន្ទាប់ពីបង្កមានការបាក់ដីកាលពីថ្ងៃពុធសប្តាហ៍នេះ និងជាព្យុះប្រភេទទី ២ ដែលមានកម្រិតល្បឿនខ្យល់បក់ ដ៏គ្រោះថ្នាក់បំផុត៕