អ៊ុយក្រែនបញ្ជាក់របាយការណ៍ថា ការបំផ្លិចបំផ្លាញទំនប់ទឹកវារីអគ្គីសនី Kakhovka បានធ្វើឱ្យខាតបង់ថវិការជាតិអស់ប្រមាណជា ១.៣ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ការរំលោភបំពានវាយប្រហារទំនប់វារីអគ្គិសនី Nova Kakhovka នៅភាគខាងត្បូងបានបណ្តាលឱ្យខូចខាតអស់ផ្នែកហិរញ្ញវត្ថុអ៊ុយក្រែនប្រមាណ ១.២ ពាន់លានអឺរ៉ូ (១.៣ ពាន់លានដុល្លារអាមេរិក) និងបានព្រមានថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបានរកឃើញតាមទឹកជំនន់អាចនឹងបោកបក់រសាត់ទៅលើច្រាំងនៃបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត។
ថ្លែងតាមរយៈវីដេអូភ្ជាប់ទៅកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានរបស់សហភាពអឺរ៉ុប លោក Ruslan Strilets បាននិយាយថា ការវាយតម្លៃការខូចខាតកំពុងបន្ត ប៉ុន្តែការបាក់ទំនប់ទឹកគឺជាគ្រោះមហន្តរាយបរិស្ថានដ៏ធំបំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២។
មកដល់ពេលនេះ បើតាមអាជ្ញាធរទាំងរុស្ស៊ី និងអ៊ុយក្រែន អ្នកស្លាប់សរុបដោយសារការបាក់ទំនប់ទឹកមានការកើនឡើង។ អ្នកស្លាប់ចំនួន៥២នាក់ ខាងអ៊ុយក្រែន ១៧នាក់ និងខាងរុស្ស៊ីគ្រប់គ្រងមាន ៣៥នាក់ ព្រមទាំងបាត់ខ្លួនរាប់សិបនាក់ទៀត។ ភាគីរុស្ស៊ីនៅតែច្រានចោលមិនទទួលស្គាល់ថាខ្លួនជាអ្នកបំផ្ទុះទំនប់នោះទេ៕