ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ សូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាជ្រាបជាព័ត៌មានថា នៅថ្ងៃទី 0៦ ខែមីនា ឆ្នាំ២០២០ គណៈកម្មាធិការជាតិសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ Covid-19 របស់វៀតណាមបានសម្រេច ឲ្យអ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសវៀតណាម ចាំបាច់ត្រូវធ្វើការប្រកាសព័ត៌មានអំពីសុខភាពរបស់ខ្លួន។ អាជ្ញាធរវៀតណាម នឹងដាក់ពង្រាយភា្នក់ងារជួយសម្រួលការបំពេញបែបបទប្រកាសព័ត៌មានអំពីសុខភាពនេះ នៅតាមច្រកទ្វារអន្តរជាតិជាតិ ទាំងផ្លូវគោក ទឹក និងអាកាស ឬ អ្នកដំណើរនានាអាចបំពេញបែបបទតាមប្រព័ន្ធអនឡាញhttp://suckhoetoandan.vn/khaiyte នេះ។ទន្ទឹមនេះ ក្រសួងសុខាភិបាលវៀតណាមក៏បានជូនដំណឹង ផ្លូវការដល់គ្រប់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម អនុវត្តវិធានការ ឲ្យអ្នកដំណើរប្រកាសព័ត៌មានអំពីសុខភាពរបស់ខ្លួន ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ចំពោះអ្នកដំណើរ ចូលវៀតណាម ដែលមកពី ឬធ្វើដំណើរឆ្លងកាត់បណ្តាប្រទេស នៃសហភាពអឺរ៉ុប (EU) និងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាលវៀតណាមក៏បានស្នើឲ្យមានការរៀបចំអ្នកបកប្រែភាសារខ្មែរ និងភាសារអង់គ្លេស នៅតាមបណ្តាច្រកទ្វារនានា ដើម្បីជួយសម្រួលការបំពេញបែបបទប្រកាសសុខភាពខាងលើ។ ក្នុងករណីសង្ស័យអ្នកដំណើរណាមានផ្ទុក ឬ ឆ្លង Covid-19 ភ្នាក់ងារសុខាភិបាល ត្រូវអនុវត្តវិធានការសុខាភិបាល តាមការកំណត់។ សូមអរគុណ