ក្រសួងសាធារណការនិងដឹងជញ្ជូន ចេញសេចក្តីណែនាំ៦ចំណុច ស្ដីពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរទាំងអស់ដូចខាងក្រោម
ទី១ រក្សាកន្លែងផ្ដល់សេវាដល់អតិថិជនឱ្យបានស្អាតជានិច្ច កន្លែងលក់សំបុត្រ កន្លែងរង់ចាំ កន្លែងទទួលទានអាហារ បង្គន់អនាម័យ ជាដើម។
ទី២ ត្រូវពិនិត្យសុខភាពអ្នកបើកបរ បុគ្គលិកបម្រើសេវាជាប្រចាំ គួរឲ្យពួកគាត់ពាក់ម៉ាសក្នុងពេលបំពេញការងារ បើមានការសង្ស័យលើសុខភាពរបស់ពួកគាត់ ត្រូវឲ្យពួកគាត់ឈប់សម្រាកជាបណ្ដោះអាសន្នដើម្បីតាមដានសុខភាព ។
ទី៣ វាស់កំដៅអ្នកដំណើរ និងប្រើទឹកអាល់កុលសម្រាប់លាងដៃ មុននឹងអនុញ្ញាតឲ្យឡើងលើរថយន្ត ។
ទី៤ ប្រសិនបើពិនិត្យឃើញអ្នកដំណើរមានអាការដូចជា ៖ ក្តៅខ្លួនលើសពី៣៧. ២អង្សាសេ មានក្អក ឈឺបំពង់ក ឬមានបញ្ហាក្នុងការដកដង្ហើម មិនត្រូវអនុញ្ញាតឲ្យជិះថយន្តឡើយ និងត្រូវណែនាំឲ្យពួកគាត់ទៅមណ្ឌលសុខភាពនៅជិតបំផុតជាបន្ទាន់ ឬទូរស័ព្ទទៅបណ្ដាញទំនាក់ទំនងហេតុការណ៍លេខ១១៥ របស់ក្រសួងសុខាភិបាល ។
ទី៥ ម្ចាស់ ឬអ្នកគ្រប់គ្រងរថយន្តដឹកជញ្ជូនអ្នកដំណើរត្រូវប្រើអាល់កុល ឬសារធាតុសម្លាប់មេរោគ ដើម្បីជូតសំអាតរាល់វត្ថុទាំងឡាយនៅលើរថយន្តដែលអ្នកដំណើរតែទៅប៉ះពាល់ជាប្រចាំ ដូចជា របារតោង ភ្នាក់ដៃ កៅអី ឲ្យបានញឹកញាប់តាមលទ្ធភាពនៃអាចធ្វើទៅបាន ។
ទី៦ ចូលរួមផ្សព្វផ្សាយដល់អ្នកដំណើរទាំងអស់ ឱ្យប្រកាន់នូវវិធានការអនាម័យស្អាត ដោយឧស្សាហ៍លាងដៃ ក្រោយចាប់កាន់របស់ផ្សេងៗ មុននិងក្រោយបរិភោគអាហារ និងមានម៉ាស ឬក្រមា ការពារពេលក្អក ឬកណ្ដាស់កំពុងធ្វើដំណើរ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរ និងរថយន្តក្រុងសាធារណៈទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីណែនាំដោយយកចិត្តទុកដាក់ខ្ពស់ ៕