គិតត្រឹមថ្ងៃទី២២ ខែមីនានេះ វីរុសរលាកសួតប្រភេទថ្មីកូវីដ១៩ កំពុងឆ្លងរីករាលដាលនៅស្ទើជុំវិញពិភពលោកមានរហូតទៅដល់ ១៨៨ប្រទេស ដោយនៅក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ នេះបើតាមការធ្វើបច្ចុប្បន្នភាពដោយអង្គការសុខភាពពិភពលោក WHO។
បើទោះបីជាវីរុសកូវីដ១៩ ជាប្រភេទជំងឺថ្មី ហើយមិនទាន់មានវ៉ាក់សាំងការពារក៏ពិតមែន ប៉ុន្តែក្រុមគ្រូពេទ្យវេជ្ជសាស្ត្របានអះអាងថា អ្នកជំងឺដែលឆ្លងវីរុសកូវីដ១៩ នៅតែអាចព្យាបាលបាន។
បច្ចុប្បន្នមានអ្នកស្រាវជ្រាវជាច្រើនជុំវិញពិភពលោកបានកំពុងតែព្យាយាមបង្កើតជាវ៉ាក់សាំង ដើម្បីទប់ស្កាត់ការរាលដាលរបស់វីរុសកូវីដ ១៩ នេះ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញអំពីរបៀបវ៉ាក់សាំងទាំងនេះនឹងត្រូវការស៊ីពេលបន្តិច ខណៈពេលដែលត្រូវការធ្វើតេស្ត និងអាចប្រើលើមនុស្សបាន។
យ៉ាងណាមិញ នៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានទាំង ១០ បើទោះបីជាកម្ពុជារកឃើញមានអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន ៥៣ករណីក៏ពិតមែន ប៉ុន្តែតួលេខនេះហាក់នៅទាបជាងប្រទេសដែលជាសមាជិកអាស៊ានផ្សេងទៀត ដែលកំពុងតែរងផលប៉ះពាល់ដោយសារវីរុសនេះ លើកលែងតែប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលមិនទាន់រកឃើញមានអ្នកឆ្លងវីរុសកូវីដ១៩នៅឡើយ៕