ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំនៃ ក្រសួង ពាណិជ្ជកម្ម បានបើកយុទ្ធនាការទ្រង់ទ្រាយធំត្រួតពិនិត្យម៉ាស់ និងទឹកអាល់កុល ដែល កំពុងចរាចរលើទីផ្សារគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ។ នេះបើតាមការផ្សាយរបស់ អគ្គនាយកដ្ឋានការពារ អ្នក ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។
ដោយមានការណែនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ដូចជាឯកឧត្ដម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្រ្កាប់ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដោយមានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្រ្តីជំនាញបាននាំ រថយន្ត ពិសោធន៍ចល័ត ចំនួន២គ្រឿង ចុះប្រតិបត្តិការឆែកឆេរ នៅតាមឱសថស្ថាននានារួមមាននៅម្តុំផ្សារអូឡាំពិក ផ្សាទំនើបម៉ាក្រូនិងផ្សារទំនើបអ៊ីអន២សែនសុខ ក្នុងរាជ ធានីភ្នំពេញ។
មន្រ្ដីកាំកុងត្រូលបានឱ្យដឹងថា ការចុះប្រតិបត្តិការនេះ គឺក្នុងគោលដៅដើម្បីស្វែករកនូវ ផលិតផលម៉ាស និងអាល់កុលសម្រាប់លាងសម្អាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃ ថ្លៃ ជូនដល់ប្រជាពលរដ្ឋឆ្លៀតឱកាស ដែលវីរុសកូវីដ-១៩ កំពុងតែរីករាលដាល។ ក្នុងសកម្មភាពនេះដែរមន្រ្តីជំនាញបានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថា នជាច្រើន កន្លែង នៅជុំវិញផ្សារអូឡាំពិក និងបានដកហូត មេតាណុល ចំនួន២៤៤.៨លីត្រ។ បន្ទាប់មក មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក។ មន្រ្ដីកាំកុងត្រូលក៏ បាន អំពាវ នាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញរបស់របរជាពិសេសអាល់កុលនិងជែល លាងដៃនេះ ឱ្យមានស្លាក់សញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាង របស់ក្លែងក្លាយនិងគ្មានគុណភាពដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព របស់យើងពេល ប្រើប្រាស់នោះ។
ក្នុងឱកាសនោះដែរមន្រ្ដីជំនាញបានសំណូមពរដល់អាជីវករលក់ផលិតផលម៉ាស់និងអាល់កុលសម្រាប់លាងសម្អាតដៃសូមមេត្តាកុំលក់មានតម្លៃហួសប្រមាណ ជាពិសេសសូមប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញានិងមិនមានការបញ្ជាក់ពីប្រភពច្បាស់លាស់ដើម្បីប្រើប្រាស់សម្រាប់ការលាងសម្អាតកម្ចាត់មេរោគ ឬបង្ការវីរុស Covid-19៕