Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរចុះបង្ក្រាបទីតាំងស្តុកមេតាណុលផលិតអាល់កុលក្លែងក្លាយរាប់ម៉ឺនលីត្រនៅភ្នំពេញនិងខេត្តកណ្តាល

Apr 03, 2020
អាជ្ញាធរចុះបង្ក្រាបទីតាំងស្តុកមេតាណុលផលិតអាល់កុលក្លែងក្លាយរាប់ម៉ឺនលីត្រនៅភ្នំពេញនិងខេត្តកណ្តាល
Clinic narith

ទីតាំងស្តុកមេតាណុលដើម្បីផលិតអាល់កុលចំនួន២ទីតាំងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ១ក្រុមធ្វើស្រាវជ្រាវរកឃើញនិងឈានដល់ការចុះទៅបង្រ្កាបនៅវេលាម៉ោង ៤៖៣០នាទី ល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។ដោយបានធ្វើការដកហូតយកបានទឹកមេតាណុលចំនួនរាប់ម៉ឺនលីត្រ ហើយគេបានដឹងថាអ្នកនាំចូលសារធាតុនេះដោយខុសច្បាប់នោះគឺជាជនជាតិចិន និងបានគេចខ្លួនមុនពេលដែលកម្លាំងសមត្ថកិច្ចចម្រុះខាងលើចុះទៅដល់។

photo_2020-04-03_22-09-47

ទីតាំងទី១ ស្ថិតនៅផ្ទះលេខ០២ ផ្លូវលេខ០២Aបុរីពិភពថ្មី៣ ភូមិស្ងួនពេជ្រសង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញនិងទីតាំងទី២ស្ថិតនៅផ្ទះលេខ១៨៨ផ្លូវលេខ១៣A ក្នុងបុរីពិភពថ្មី៣ ភូមិត្រពាំងសុក្រុម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានម្ចាស់ជាជនជាតិចិនតែមួយឈ្មោះ HUANG SHURONG ។តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅទីតាំងទី១ ខាងរាជធានីភ្នំពេញមានការដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល លោក ផាន់ លីវ៉ា ក្រឡាបញ្ជីលោក ង៉ែត ចេកអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ។

photo_2020-04-03_22-09-55

ជាមួយគ្នានោះដែរ កម្លាំងដកហូតបានមេតាណុលមិនទាន់ប្រើប្រាស់ចំនួន១០២ធុង និងមេតាណុលប្រើប្រាស់រួចរាល់ចំនួន៨១ធុង ដែលក្នុង១ធុងៗមានចំណុះ២០០លីត្រ និងអាល់កុលចំនួនប្រហែល១០០កាន ដែលក្នុង១កានៗចំណុះ៦០លីត្រ។ប្រភពដដែលបានបន្តថា ចំណែកខាងទីតាំងទី២ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល មានការដឹកនាំដោយលោកវរសេនីយ៍ឯក លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល និង លោក ង៉ែត ចេក អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម និងចូលរួមដោយលោក ស ម៉េង អភិបាលរងស្រុកអង្គស្នួល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល លោកវរសេនីយ៍ត្រីស៊ូ វ៉ានធឿនបញ្ជាការអាវុធហត្ថស្រុកអង្គស្នួល លោកស្រុង លីមប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិ ពេទ្យ ស្រុកអង្គស្នួល។ ខណៈនោះកម្លាំងរកឃើញមេតាណុលចំនួន៦៩ធុងដែលក្នុង១ធុងៗចំណុះ២០០លីត្រនិងប៊ីដុងចំណុះ៣០លីត្រចំនួន២០០ប៊ីដុង។

photo_2020-04-03_22-09-53

សមត្ថកិច្ចខាងលើនេះបានបញ្ជាក់បន្ថែមទៀតថា ភ្លាមៗនោះមន្រ្តីជំនាញបានធ្វេីការពិសោធន៍ជាលទ្ធផលរកឃើញថា សារធាតុទឹកមេតាណុល និងអាល់កុលផលិតរួចនេះអាចធ្វើឲ្យមានការប៉ះពាល់ទៅដល់សុខភាពអ្នកប្រេីប្រាស់យ៉ាងខ្លាំង។ខណៈនោះលោក សេង ហៀង ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចរឹបអូសយកសម្ភារៈនិងសារធាតុមេតាណុលខាងលេី ទាំងអស់ ប្រគល់ជូននាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មដេីម្បីរក្សាទុកនិងគ្រប់គ្រងបន្តនិងបិទទីតាំងទាំង២នេះព្រមទាំងបន្តធ្វើការស្រាវជ្រាវស្វែងរកឃាត់ខ្លួនថៅកែជនជាតិចិនដែលកំពុងរត់គេចខ្លួននោះហើយ៕

photo_2020-04-03_22-09-51