(LNN)- នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០ ២០ ដែលជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ធា អភិបាលនៃគណអភិ បាលខេត្តតាកែវ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម សហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យខ្សែច្រវាក់ផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និងមន្ទីរ ពិសោធន៍)ក្នុងរោងម៉ាស៊ីនកិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ។
ពេលជួបសំណេះសំណាលជាមួយ ឯកឧត្តមរដ្ឋមន្ត្រី លោក ថៃ វីឡុង អ្នកគ្រប់គ្រងទូទៅរោងម៉ា ស៊ីន បានជម្រាបជូនថាក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនប្រមូលទិញស្រូវគ្រប់ប្រភេទបានចំនួន ៩៦ ៣៨៦តោន និងឆ្នាំ២០២០ នេះបាន ៦៥ ៣៧៥ តោន។ ដោយឡែក ក្នុងឆ្នាំ២០១៩ នាំចេញបាន ៤០ ១៧៥តោន និង ៣ខែដើមឆ្នាំ២០២០ នាំចេញបាន ២៤ ៤២៨តោន ភាគច្រើនទៅកាន់ប្រទេសចិន។ បច្ចុប្បន្នមានឡសម្ងួតចំនួន ៣ អាចសម្ងួតស្រូវបាន ៥៥០តោនក្នុង ១ថ្ងៃ និងមានស្រូវស្តុកទុកចំនួន ៧ពាន់តោន រង់ចាំកិន និងនាំចេញតាមការបញ្ជាទិញពីខាងក្រៅ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏នៅជួបមានជួបបញ្ហាប្រឈមនឹងការប្រគួតប្រជែងជាមួយប្រទេសជិតខាង ទាក់ទងទៅនឹងតម្លៃភ្លើងនិងការដឹកជញ្ជូន ដែលនៅមានតម្លៃខ្ពស់នៅឡើយ ។
បន្ទាប់ពីបានជ្រាបរបាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹម និងជឿជាក់លើរោងម៉ាស៊ីនថានឹងបន្តចូលរួមសហការឲ្យបានល្អដើម្បីជួយជំរុញការនាំចេញមាសសឲ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក និងជាពិសេសចូលរួមសហការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលហាមនាំចេញអង្ករស បានពេញលេញ។ មួយវិញទៀត រោងម៉ាស៊ីនកិនស្រូវទូទាំងខេត្តតាកែវត្រូវជួយទិញប្រមូលស្រូវពីប្រជាកសិករយកមកស្តុកទុកឱ្យអស់លទ្ធភាពដើម្បីជួយដោះស្រាយទីផ្សារស្រូវរបស់ពួកគាត់ និងជួយធានានូវបរិមាណស្តុកស្រូវ ដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់រយ:ពេលវែង។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងមកមានចំនួនជាង ១០,៨៨ លានតោន ក្នុងនេះសម្រាប់ស្រូវវស្សាទទួលបានបរិមាណផលសរុបចំនួន ៨ ២៦៩ ៣៣៣តោន និងស្រូវ ប្រាំង ២ ៦១៦ ២៤១តោន។ ដោយឡែក ខេត្តតាកែវ បរិមាណស្រូវសរុបទាំងវស្សា និងប្រាំងចំនួន ១ ២០៨ ៦៤០តោន ហើយមកទល់ពេលនេះគឺនៅសល់ផ្ទៃដីស្រែប្រាំងចំនួន ៤ពាន់ហតទៀតមិនទាន់បានប្រមូលផល គិតជាបរិមាណស្រូវប្រមាណ ១៦ពាន់តោនទៀត។