Alynana Media Cambodia
Icon Collap
clinic narit

មូលហេតុអ្វីបាន​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ប្រឈម​ជំងឺកូវិដ១៩ ​ច្រើន​ជាង​នៅ​ក្នុង​ប្រទេស​មាន​ប្រាប់​ចំណូល​ទាប​

Sang Kim | Apr 19, 2020
មូលហេតុអ្វីបាន​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ប្រឈម​ជំងឺកូវិដ១៩ ​ច្រើន​ជាង​នៅ​ក្នុង​ប្រទេស​មាន​ប្រាប់​ចំណូល​ទាប​
Clinic narith

រហូត​មក​ដល់​ពេល​នេះ​ គេ​រាយ​ការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​មាន​ធនធាន​ច្រើន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​និង​ស.រ.អា.។​នៅ​លើ​ផែន​ទី​មួយ​រៀបចំ​ដោយ​សាកល​វិទ្យាល័យ​ Johns Hopkins ​ដែល​គេ​ប្រើ​ជា​ទូទៅ​នោះចំណុច​ក្រហម​ដែល​តំណាង​ចំនួន​ករណី​អ្នក​ជំងឺ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ការ​ខុសគ្នា​រវាង​ពួក​ប្រទេស​មាន​ធនធាន​ច្រើន​និង​ពួក​ប្រទេស​ក្រីក្រ។​ជា​ពិសេស​តំបន់​សាហារ៉ា​ខាង​ត្បូង​ក្នុង​ទ្វីប​ អាហ្វ្រិក​ហាក់​ដូចជា​មាន​ការ​ឆ្លង​ជំងឺ​នេះ​តិច​តួច។​

មាន​ការ​ពិភាក្សា​គ្នា​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្ត្រ​ដែល​ថា​ គ្មាន​ភ័ស្តុតាង​នៃ​ការ​រក​ឃើញ​មិន​មែន​មាន​ន័យ​ គ្មាន​ការ​ឆ្លង​ជំងឺ​ទេ។​ ប្រទេស​ជា​ច្រើន​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មាន​ប្រាក់​ចំណូល​មធ្យម​ខ្វះ​សមត្ថភាព​ធ្វើ​តេស្ត ​និង​ខ្វះ​សមត្ថភាព​រក​ពួក​មនុស្ស​ដែល​ឆ្លង​ជំងឺ​នេះ។​ ជំងឺ​នេះ​អាច​រាលដាល​ដោយ​គេ​មិន​ដឹង។​

ការ​ភ្ជាប់​ការ​ទាក់ទង​គ្នា​តិច
កន្លែង​ដែល​មេរោគ​កូរ៉ូណា​ទៅ​ដល់​ដំបូង​គឺ​ជា​កន្លែង​ដែល​មាន​ការ​ភ្ជាប់​ការ​ទាក់ទង​ច្រើន​បំផុត​ជា​មួយ​ប្រទេស​ដែល​ជា​ប្រភព​នៃ​ជំងឺ​នេះ​គឺ​ប្រទេស​ចិន។​អ្នកស្រី​ Megan Murray ​ជា​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​នៅ​ឯ​សាកល​វិទ្យាល័យ​ Harvard។​អ្នកស្រី​បាន​និយាយ​ថា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​សាហារ៉ា​ខាង​ត្បូង​ក្នុង​ទ្វីប​អាហ្វ្រិក​«ទោះ​ណា​វា​ជា​ការ​ធ្វើ​ដំណើរ​រហ័ស​ក៏​ដោយ ក៏​វា​មាន​តិច​ជាង​ការ​ធ្វើ​ដំណើរ​រវាង​ទ្វីប​អឺរ៉ុប​និង​ស.រ.អា.​និង​ប្រទេស​ចិនដែរ»។​

​អ្នក​ជំនាញនិយាយ​ថា​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​ទំនង​ជា​ទៅដល់អាហ្វ្រិក​ពីរ​បី​អាទិត្យ​យឺត​ជាង​ទៅ​ដល់​តំបន់​ដែល​មាន​ការ​ទាក់​ទង​ខាង​ការ​ធ្វើ​ដំណើរ​ច្រើន​ក៏​ប៉ុន្តែ​ជំងឺ​នេះ​នឹង​ទៅ​ដល់។​

មានមនុស្ស​តិច​ជាង​ប្រឈម​ហានិភ័យ​នឹង​ជំងឺ​នេះ​

នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ ​ ពួក​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប្រហែល​មាន​ប្រៀប​បន្តិច​ដោយ​សារ​កត្តា​ប្រជាសាស្ត្រ​របស់​ពួក​គេ។​ពួក​មនុស្ស​ចាស់​ងាយ​រងគ្រោះ​ ដោយសារ​ជំងឺ​ COVID-19 ​ជាង​មនុស្ស​វ័យ​ក្មេង​ ហើយ​ប្រជាសាស្ត្រ​បង្ហាញ​ថា​ពួក​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​ប្រជារាស្ត្រ​វ័យ​ក្មេង​ច្រើន​ជាង​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍។​ធនាគារ​ពិភព​លោក​ឲ្យ​ដឹង​ថា​ ចំនួន​ជាង​៦០%​នៃ​ប្រជារាស្ត្រ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​មាន​អាយុ​តិច​ជាង​២៥​ឆ្នាំ​ហើយ​មាន​តែ​៥%​ប៉ុណ្ណោះ​ដែល​មាន​អាយុ​៦០​ឆ្នាំ​និង​ច្រើន​ជាង​នេះ។​

ផ្ទុយ​ពីនេះ​ ទ្វីប​អឺរ៉ុប​មាន​មនុស្ស​ប្រមាណ​២៤%​ដែល​មាន​អាយុ​៦០​ឆ្នាំ​និង​ចាស់​ជាង​នេះ​ហើយ​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ទ្វីប​អាមេរិកប្រជារាស្ត្រ​ចំនួន​២១%​ជា​មនុស្ស​ចាស់។​

ដង់ស៊ីតេ​ប្រជា​រាស្ត្រ

ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លះ​មាន​ទីក្រុង​ធំៗ​ដែល​មាន​ដង់ស៊ីតេ​ប្រជារាស្ត្រ​ខ្ពស់ដែល​នាំ​ឱ្យ​មាន​ការ​ឆ្លង​ជំងឺ​បាន​ដោយ​ងាយ។​ក៏​ប៉ុន្តែ​ពួក​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​តំបន់​ជន​បទ​ធំធេង​ដែល​នៅ​ទី​នោះគេ​រស់​នៅ​ឃ្លាត​ពី​គ្នា​ដែល​ជា​របៀប​រស់​នៅ​របស់​ប្រជារាស្ត្រ​នៅ​ទីនោះ ដោយ​មិន​ចាំ​បាច់​មាន​អនុសាសន៍​ខាង​សុខាភិបាល​សាធារណៈ។​ការណ៍​នេះ​ប្រហែល​បាន​ធ្វើឱ្យ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​មាន​ភាព​ធូរស្រាល​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លះ។​

ម្យ៉ាង​វិញ​ទៀត ​នៅ​ក្នុង​ពួក​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ ​គ្រួសារ​នីមួយៗ​ប្រហែល​មាន​មនុស្ស​វ័យ​ចំណាស់​ច្រើន។​ ការណ៍​នេះ​អាច​បង្កើន​ផល​ប៉ះពាល់​នៅ​ពេល​ជំងឺ​នេះ​ទៅ​ដល់។​

តើ​ជំងឺ​នេះ​បណ្តាល​មក​ពី​ធាតុអាកាស​ឬ​ទេ?

មេរោគនេះ​ប្រហែល​រាលដាល​ដោយ​ងាយ​នៅ​រដូវ​ត្រជាក់​ក្នុង​តំបន់​មាន​ធាតុ​អាកាស​ត្រជាក់​និង​មាន​ខ្យល់​ស្ងួត។ ​ ​អ្នក​ជំនាញ​កត់​សម្គាល់​ថា​ធាតុ​អាកាស​ក្តៅ​និង​សំណើម​មិន​បាន​រារាំង​មេរោគ​នេះ​មិន​ឱ្យ​រាល​ដាល​ទេ​នៅ​ក្នុង​កន្លែង​នានា​ដូច​ជា​ប្រទេស​សិង្ហបុរី​និង​ក្រុង​ហុងកុង​ជា​ដើម។​

នៅ​ពេល​ដែល​ពួក​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​ទាន់​បានរង​គ្រោះ​ខ្លាំង​ដោយ​សារ​ជំងឺ​COVID-19​នោះ​ពួក​អ្នក​ជំនាញ​និយាយ​ថា​ ផល​វិបាក​អាច​មាន​ធ្ងន់ធ្ងរ​នៅ​ពេល​ណា​ជំងឺ​នេះ​ទៅ​ដល់ពី​ព្រោះ​ប្រព័ន្ធ​សុខាភិបាល​មាន​កម្រិត។​

លោក ​Kingsley Ndoh ​ជា​អ្នក​ជំនាញ​ខាង​សុខភាព​សាកល​នៅ​ឯ​សាកល​វិទ្យាល័យ​រដ្ឋ​វ៉ាស៊ីនតោន ។​ ​លោក​បាន​សរសេរ​អត្ថបទ​មួយ​នៅ​ក្នុង​កាសែត​The Seattle Times​ថា​ ការ​លាង​ដៃ​និង​ការ​នៅ​ឃ្លាត​ពីគ្នា​ខាង​សង្គម​ជា​យុទ្ធសាស្ត្រ​ពួក​ប្រទេស​មាន​ឧស្សាហ​កម្ម​លូតលាស់​អនុវត្ត​ដើម្បី​បង្ការ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។ តែ​វិធាន​នេះ​«មិន​បាន​ត្រូវ​អនុវត្ត​ទេ​នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​នា​តំបន់​សាហារ៉ា​ខាង​ត្បូង​ក្នុង​ទ្វីប​អាហ្វ្រិក»។​

តំបន់​ជន​បទ​ក្រីក្រ​និង​តំបន់​ជន​ក្រីក្រ​រស់​នៅ​ក្នុង​ទីក្រុង​មាន​ទឹក​តិចតួច​សម្រាប់​ការ​លាង​សម្អាត​ខ្លួន​ប្រាណ។​

បទ​បញ្ជា​ឱ្យ​ឋិត​នៅ​ក្នុង​ផ្ទះ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​នៅ​បស្ចឹម​ប្រទេស​មាន​ដំណើរ​យឺតយូរ។ ​បទ​បញ្ជា​បែប​នេះ​អាច​បង្កើត​ឱ្យ​មាន​ការ​ស្រេក​ឃ្លាន​រាល​ដាល​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​នៅ​ទី​នោះ​មាន​ភាព​ក្រីក្រ​ច្រើន​រួច​ទៅ​ហើយ។​

លោក ​Tedros Ghebreyesus ​អគ្គនាយក​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​កត់​សម្គាល់​ថា៖​«តើ​លោក​អ្នក​អាច​រស់​នៅ​បែបណានៅ​ពេល​មាន​ការ​បិទ​ប្រទេស​នៅ​ពេល​លោក​អ្នក​ពឹង​ពាក់​លើ​ការ​ងារ​ពលកម្ម​ប្រចាំ​ថ្ងៃ​ដើម្បី​ឱ្យ​មាន​អាហារ​បរិភោគ?»

លោក​ Ndoh​ បាន​និយាយ​ថា​ការ​លើក​ទឹក​ចិត្ត​ប្រជារាស្ត្រ​ឱ្យ​ពាក់ម៉ាស់​អាច​បន្ថយ​ការ​រាល​ដាល​នៃ​ជំងឺ​នេះ។ ការ​ពាក់ម៉ាស​នេះ​មិនមែន​ជា​ជម្រើស​អាច​អនុវត្ត​បាន​ទេ​នៅ​កន្លែង​ឯ​ទៀតៗដែល​ក្រីក្រ​មិនអាច​ចំណាយ​លុយ​ទិញម៉ាស​បាន។ លោក​បាន​និយាយ​ថាពួក​មេដឹក​នាំ​សាសនាមាន​ការ​ទុក​ចិត្ត​ពី​ប្រជា​រាស្ត្រ​ច្រើន​ជាង​ពួក​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​កន្លែង​ជា​ច្រើន។​

លោក​ Ndoh​ បាន​ចង្អុល​បង្ហាញ​ថាការ​ធ្វើ​ តេស្ត​ អស់​សោហ៊ុយ​តិច​ដែល​កំពុង​ត្រូវ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​សេណាហ្គាល់​ ​និង​រោងចក្រ​អេតាណុល​មួយ​ក្នុង​ប្រទេសនីហ្សេរីយ៉ា​ ដែល​ផលិត​វត្ថុរាវ​សម្រាប់​សម្អាត​ដៃ​គឺ​ជា​វិធានការ​ល្អ​ប្រពៃរ៍។​

លោក ​Ndoh​ បាន​និយាយ​បន្ថែម​ថា​ នៅ​ពេល​ដែល​ករណី​អ្នក​ជំងឺ​នេះ​នៅ​មាន​ទាប​គួរ​សម​«ក៏​នៅ​មាន​ឱកាស​សម្រាប់​រដ្ឋាភិបាល​ទាំង​ឡាយ​ក្នុង​ទ្វីប​អាហ្វ្រិក​អនុវត្ត​ដំណោះ​ស្រាយ​«បែប​ អាហ្វ្រិក»​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​COVID-19៕​