ស្ទឹងត្រែង៖សំរ៉ងជាផ្លៃឈើព្រៃ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ។ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅពេលដល់រដូវប្រមូលផលរៀងរាល់ឆ្នាំ ប្រជាពលរដ្ឋក្នុងស្រុកចាកចេញពីផ្ទះស្ទើរតែគ្រប់គ្រួសារ រហូតដល់ស្ងាត់ភូមិ សម្រុកចូលព្រៃដើម្បីប្រមូលផលសំរ៉ងធ្វើឲ្យទិដ្ឋភាពព្រៃទាំងមូលមានសភាពអ៊ូអរ ហាក់ដូចជាមជ្ឍមណ្ឌលសេដ្ឋកិច្ចពិសេសមួយកន្លែងដែលមមាញឹកទាំងយប់ទាំងថ្ងៃពិបាកនឹងពណ៌នា ។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ “កូន នាគ” ដែលទំនងជាមន្ត្រីបរិស្ថាន បានសរសេរ រៀបរាប់ថា “តាមការប៉ាន់ប្រមាណក្នុងកម្រិតទាប គិតតែក្នុងស្រុកសៀមប៉ាងប៉ុណ្ណោះ ផលដែលទទួលបានពីការលក់ផ្លែសំរ៉ងរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងមូលក្នុងមួយរដូវគឺមិនតិចជាង ២,០០០,០០០,០០០រៀល(ពីរពាន់លានរៀល) ឡើយរៀងរាល់ឆ្នាំ ។
ដូចនេះដើមសំរ៉ងគឺប្រៀបដូចជាធនាគារមួយយ៉ាងធំរបស់បងប្អូនប្រជាពលរដ្ឋ បើបងប្អូនមិនចេះថែររក្សា ការពារ ធនាគារនេះឲ្យគង់វង្សទេ មិនយូរមិនឆាប់ បងប្អូននិងខាតបង់ធ្ងន់ធ្ងរ ដោយសារការគិតខ្លីរបស់បងប្អូន ។
យើងខ្ញុំសូមអង្វរបងប្អូនសូមឈប់រំលំដើមសំរ៉ង (ឈប់ប្រមូលផលតាមវិធីរំលំដើម) បើនៅតែមិនភ្ញាក់រលឹកទេអ្នកដែលខាតបង់គឺបងប្អូនប្រជាពលរដ្ឋខ្លួនឯងហ្នឹងហើយ មិនយូរមិនឆាប់សំរ៉ង នឹងផុតពូជដោយសារការប្រមូលផល ដោយវិធីរំលំដើមរបស់បងប្អូន ។
ផ្ទុយទៅវិញបើបងប្អូនប្រមូលផលតាមវិធីបេះធម្មតា ដើមសំរ៉ងនឹងគង់វង្ស បងប្អូនទទួលផលជារៀងរាល់ឆ្នាំ ព្រៃឈើក៏មិនបាត់បង់ ។
ទន្ទឹមនឹងនោះផងដែរ មន្ត្រីរូបនេះក៏សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ទាំងស្រុក ទាំងឃុំ សូមមេត្តាជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាមបណ្តាឃុំនីមួយៗ កុំឲ្យរំលំដើមសំរ៉ង បើអាស្រ័យតែលើកម្លាំងមន្ត្រីប៉ុន្មាននាក់នេះ មិនអាចទៅរួចទេ ដូចចាប់ក្តាមដាក់ចង្អេរហើយរាល់ថ្ងៃនេះ ៕