ភ្នំពេញ ៖ សហភាពអឺរ៉ុបបានសម្រេចបង្វែរហិរញ្ញប្បទានឥតសំណងចំនួន ៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួនរបស់ខ្លួនមកហិរញ្ញប្បទានលើវិស័យគាំពារសង្គម ដែលការងារអាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទានសេដ្ឋកិច្ចសង្គមឡើងវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលទើបចេញកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំតាមរយៈ Video Conference កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ រវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានពិភាក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួមរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហភាពអឺរ៉ុបក្នុងកិច្ចសហការដ៏ល្អប្រសើរកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុទ្ធដោះស្រាយ ចំពោះវិបត្ដិសាកលដោយសារជំងឺ COVID-19 ។
កម្ពុជា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងគ្រប់គ្រងលើបញ្ហានៃជំងឺ COVID-19 បានល្អប្រសើរ ប៉ុន្តែកម្ពុជានៅតែមិនបន្ធូរដៃនោះទេ និងរឹតតែបុរេសកម្ម និងសកម្មកាន់តែខ្លាំងថែមទៀត ដោយបានបង្កើតនូវយន្តការ និងដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្តមុតស្រួច ទាំងលើសមរភូមិក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាត COVID-19 និងលើការដ្ឋានស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺនេះ ។ ជំងឺ COVID-19 មិនត្រឹមតែជាវិបត្ដិសុខភាពសាធារណៈទេ តែជំងឺនេះ ក៏បានបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យសេដ្ឋកិច្ចផ្សេងៗ រួមមានវិស័យកាត់ដេរ ទេសចរណ៍ ធុរកិច្ចខ្នាតតូច និងមធ្យមទៀតផង។
លោកស្រី Carmen Moreno បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺ COVID-19 នេះ និងបានថ្លែងបញ្ជាក់អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃជំងឺ COVID-19នេះ។
លោកស្រីបានជម្រាបជូនថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុបដែលមានទីស្នាក់ការកណ្តាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៦ លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួន ដែលហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គមដែលការងារ អាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាលក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញពីវិបត្តិនៃជំងឺ COVID-19 នេះ។
ជាការអនុវត្តវិធានការស្ដារសេដ្ឋកិច្ច-សង្គមពីផលប៉ះពាល់នៃជំងឺ COVID-19 រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន ៤រួមមាន៖ ១. ក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ COVID-19, ២. ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ COVID-19, ៣. ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និង ជំនួយសង្គមដើម្បីគ្រប់គ្រង ការប្រយុទ្ធនឹងជំងឺ COVID-19, និង ៤. ក្រុមការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺ COVID-19 និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន ក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ផងដែរ៕