ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ អគ្គនាយកធនធានរ៉ែ នៃក្រសួងរ៉ែ លោក យស់ មុនីរ៉ាត់ បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមាសអូស្ត្រាលីមួយកំពុងធ្វើការសាងសង់រោងចក្រចម្រាញ់រ៉ែមាសខ្នាតអន្តរជាតិមួយ នៅក្នុងតំបន់ជម្រករ៉ែទី១ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលតាមការវាយតម្លៃ នឹងអាចផ្ដល់ជាមាសសុទ្ធបានដល់ទៅជិត ១លានតម្លឹងមាស។
លោក យស់ មុនីរ៉ាត់ មានប្រសាសន៍ថា៖ «ជិត ១លានតម្លឹង នៅជម្រករ៉ែមាសទី១ នៅអូរខ្វាវហ្នឹង ហើយយើងសង្ឃឹមថា នៅពេលដែលយើងចាប់ផ្ដើមដំណើរការអណ្ដូររ៉ែទី១ហ្នឹងហើយ តំបន់នៅជុំវិញដែលយើងកំពុងរុករកហ្នឹង យើងនឹងបានទទួលជម្រករ៉ែថ្មីៗទៀត។ ក្រោយពីជីកអាហ្នឹងអត់ នឹងអានោះមកបន្ថែមទៀត។ ឬមួយអានោះមិនទាន់ជីកអស់ ៣ ទៅ ៤ឆ្នាំក្រោយ មានរ៉ែថ្មីមកបន្ថែមផលិតកម្មរបស់យើងតទៅទៀត នេះជាស្ថានភាពទូទៅនៃរ៉ែមាសនៅកម្ពុជា»។
កាលពីខែកក្កដា ឆ្នាំ២០១៨ រដ្ឋាភិបាលបានសម្រេចផ្ដល់អាជ្ញាប័ណ្ណទាញយករ៉ែដល់ក្រុមហ៊ុនអូស្ត្រាលីមួយដែលមានឈ្មោះRenaissance Minerals (Cambodia) ដើម្បីធ្វើការទាញយករយៈពេល ១៥ឆ្នាំ លើផ្ទៃដី ១១,៥គីឡូម៉ែត្រការ៉េ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែមីនា កន្លងទៅ ក្រុមហ៊ុន Emerald Resources NL ដែលជាក្រុមហ៊ុនមេរបស់Renaissance Minerals (Cambodia) បានឱ្យដឹងក្រោយចុះកិច្ចព្រមព្រៀងដែលមានតម្លៃជាង ២៣០លានដុល្លារ សហការគ្នាជាមួយក្រុមហ៊ុន MACA ថាគម្រោងសាងសង់រោងចក្រចម្រាញ់ និងទាញយកមាសនៅតំបន់អូរខ្វាវ នឹងអាចដំណើរការបានក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ ខាងមុខផងដែរ។