ភ្នំពេញ៖ ប្រទេសកម្ពុជា ចាប់ផ្តើមត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) ក្នុងជំនួបជាមួយតំណាងសហព័ន្ធជាតិទាំងជាង៣០ បានចង្អុលបង្ហាញដល់អ្នកចូលរួមទាំងអស់ត្រូវតែធ្វើការរួមគ្នាដោយជិតស្និទ្ធ ដោយទុកនូវភាពអាក់អន់ចិត្តរវាងគ្នានឹងគ្នាមួយឡែក ដើម្បីធានានូវភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំបំផុតរៀបចំឡើងដោយកម្ពុជា។
ឯកឧត្តមបានបន្តថា៖ «ពេលនេះយើងទាំងអស់គ្នាយល់ថាជាពេលដែលយើងទាំងអស់គ្នាត្រូវទទួលខុសត្រូវចំពោះប្រទេសជាតិ និងកេរ្តិ៍តំណែលរបស់យើងនៅស៊ីហ្គេមហេតុនេះសហព័ន្ធជាតិ ត្រូវតែហ៊ានលះបង់ក្នុងការកែទម្រង់»។
កម្ពុជា បានបង្កើតអនុគណៈកម្មាធិការ ចំនួន១៥ ដើម្បីជួយដោះស្រាយបញ្ហាដែលទាក់ទងជាមួយស៊ីហ្គេម ឆ្នាំ២០២៣។ កម្ពុជា គ្រោងនឹងចណាយថវិកាប្រមាណ ៤០០លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាកម្រិតតំបន់ជាលើកទី១ នេះ តាំងពីជិត១០ឆ្នាំមុនមកម្ល៉េះតាមរយៈការកសាងពហុកីឡដ្ឋានមរតកតេជោ នៅជាយទីក្រុងភ្នំពេញ មានតម្លៃប្រមាណ ១៦០លានដុល្លារ ដែលផ្ដល់មូលនិធិដោយប្រទេសចិន ។
កីឡាស៊ីហ្គេម បានបង្កើតឡើងនាឆ្នាំ១៩៥៩ ដែលកាលនោះមានឈ្មោះថាកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ ហើយកម្ពុជាក៏ជាស្ថាបនិកមួយដែរ។ កាលនោះកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនា ឆ្នាំ១៩៦៣ តែដោយសារបញ្ហានយោបាយកម្ពុជាអាក់ខានក្នុការធ្វើជាម្ចាស់ផ្ទះរហូតមកដល់ពេលនេះ៕