កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកសម រង្ស៊ី មេដឹកនាំកំពូលម្នាក់ទៀតនៃគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេសនោះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ចូលរួមមរណទុក្ខឧបាសិកា ប៊ុន ស៊ាងលី។
សាររបស់លោកសម រង្ស៊ី ចុះហត្ថលេខាថ្ងៃទី៤ ខែមេសា សរសេរថា៖ «ទោះជាជំហរនយោបាយយើងម្នាក់ៗខុសពីគ្នាយ៉ាងណាក៏ដោយ តែទុក្ខសោកបណ្តាលមកពីមរណភាពមនុស្សដែលយើងស្រឡាញ់ អាចកើតមានដូចគ្នាគ្រប់ពេលវេលា»។
លិខិតរបស់លោក សម រង្ស៊ី បន្តថា៖ «ទោះជាកាលៈទេសៈនយោបាយមិនអនុញ្ញាតឲ្យខ្ញុំចូលរួមក្នុងពិធីបុណ្យសពដោយផ្ទាល់ក៏ដោយ ក៏ខ្ញុំមិនភ្លេចកាយវិការដ៏ប្រពៃរ៍របស់សម្តេច និងក្រុមគ្រួសារចំពោះខ្ញុំ និងក្រុមគ្រួសារខ្ញុំឡើយ»។
កន្លងមក លោក ហ៊ុន សែន ធ្លាប់បានផ្ញើសាររំលែកទុក្ខជូនលោក សម រង្ស៊ី ចំពោះមរណភាពម្តាយក្មេករបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនេះ។ រីឯលោក សម រង្ស៊ី ក៏ធ្លាប់ផ្ញើសាររំលែកទុក្ខជូនលោក ហ៊ុន សែន ដែរចំពោះមរណភាពឪពុកម្តាយរបស់លោកនាយករដ្ឋមន្ត្រី៕