ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនហាក់បីដូចជាគ្មានការប្រុងប្រយ័ត្ន និងខ្វះការ យកចិត្តទុកដាក់ចំពោះវិធានការការពារជំងឺកូវីដ-១៩ បន្ទាប់ពីស្ថានភាពនៃជំងឺនេះហាក់បីដូចជាមានភាពធូរស្រាល នៅក្នុងប្រទេសកម្ពុជា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានព្រមានសារជាថ្មីម្ដងទៀតសូមកុំឱ្យពលរដ្ឋកម្ពុជាមានការធ្វេសប្រហែស ឬអាចនិយាយម្យ៉ាងទៀតថា មើលស្រាលចំពោះជំងឺកូវីដ-១៩នេះ បើទោះបីជាកម្ពុជាអាចគ្រប់គ្រងបាននៅពេលនេះ ក៏ដោយចុះ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវ ឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកបានអះអាងថា ពលរដ្ឋកម្ពុជាគួរប្រកាន់ខ្ជាប់នូវវិធានការចំនួនបីចំណុចដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ វិធានការទាំងបីចំណុចនោះរួមមាន៖ ការលាងដៃឱ្យស្អាតជាប្រចាំ ការពាក់ម៉ាស ឬមានកន្សែងសម្រាប់ពេលដែលយើងកណ្តាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។
លោកជំទាវ បានសង្កត់ធ្ងន់ថា “ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅមានហានិភ័យនៅឡើយ យើងមិនទាន់រួចចាកផុតការវាយលុកវីរុសកូវីដ-១៩នៅឡើយទេ ថ្វីត្បិតតែយើងអាចនិយាយបាន ថារលកទីមួយ នៃជំងឺនេះយើងអាចគ្រប់គ្រងបានល្អប្រសើរមែន។ យើងមិនមានការរកឃើញករណីថ្មីកើតមានឡើងថែមទៀត..ក៏ប៉ុន្តែមិនមែនមានន័យថា វីរុសកូវីដ-១៩នេះ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាហើយនោះទេ”។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកជំទាវរដ្ឋលេខាធិការនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់សូមពិចារណាជុំវិញការរៀបចំពិធីមង្គលការ ឬពិធីជួបជុំផ្សេងៗទៀត បើអាចលើកពេលបានគួរលើកពេល ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
ជាការកត់សម្គាល់ផងដែរថា បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសពីការមិនរកឃើញអ្នកផ្ទុកវីវុសកូវីដ-១៩ និងការជាសះស្បើយនៃអ្នកជំងឺនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដោយមិនមានករណីឆ្លងថ្មីនោះ ប្រជាពលរដ្ឋហាក់បីដូចជាចាប់ផ្តើមមានការធ្វេសប្រហែសចំពោះវិធានការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺមួយនេះ ដែលផ្ទុយពីពេលកន្លងទៅ។
ជាក់ស្តែងនៅតាមទីសាធារណៈ ហាងបាយ កាហ្វេ និងភោជនីយដ្ឋានមួយចំនួន ចាប់ផ្តើមមានការជួបជុំគ្នាឡើងវិញ ដែលផ្ទុយស្រឡះកាលពីមានការផ្ទុះខ្លាំងជំងឺមួយ នេះកាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋហាក់បីដូចជាលែងសូវខ្វល់ ពាក់ព័ន្ធនឹងវិធានការការពារជំងឺកូវីដ-១៩នេះ ដោយបណ្តោយខ្លួនលែងសូវអើពើនឹងជំងឺមួយនេះទៀត ហើយអ្នកខ្លះលែងយកអាល់កុល ឬពាក់ម៉ាស់ដើម្បីការពារខ្លួនពីជំងឺនេះ៕