Alynana Media Cambodia
Icon Collap
clinic narit

ក្រសួង​ការ​បរទេស​កម្ពុជាបាន​បង្ហាញ​ជំហរ​ជាថ្មី​ម្តង​ទៀតឲ្យ​វៀតណាម​រុះរើ​តង់​​តាម​ព្រំដែន​«ឲ្យ​បាន​ឆាប់»

Sang Kim | Jun 24, 2020
ក្រសួង​ការ​បរទេស​កម្ពុជាបាន​បង្ហាញ​ជំហរ​ជាថ្មី​ម្តង​ទៀតឲ្យ​វៀតណាម​រុះរើ​តង់​​តាម​ព្រំដែន​«ឲ្យ​បាន​ឆាប់»
Clinic narith

ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ ​បាន​បង្ហាញ​ជំហរ​ជាថ្មី​ម្តង​ទៀតឲ្យ​វៀតណាម​រុះរើ​តង់​ដែល​បោះ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ«ឲ្យ​បាន​ឆាប់» ប៉ុន្តែមិន​បាន​បញ្ជាក់​ឱសាន​វាទ​ជាក់លាក់​ទេ។​ 

សារ​ព័ត៌មាន​ក្នុង​ស្រុក​វីអូឌី និង​ហ្វ្រេសញូ​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ ដោយដក​ស្រង់​សម្តី​លោក​កុយ កួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​និយាយ​ថា៖​ «ជំហរ​របស់​យើង​គឺស្នើ​ឱ្យ​វៀតណាម​ត្រូវតែ​រុះរើ​តង់​ចេញ​ពី​តំបន់​ដែល​មិនទាន់​មាន​ការ​កំណត់​ព្រំដែន​ច្បាស់លាស់​ហ្នឹង។ ​យើង​មិន​ទាន់​បាន​កំណត់​ពេល​ទេ ​ប៉ុន្តែយើង​ស្នើ​ឱ្យ​ភាគី​វៀតណាម​រើចេញ​ឱ្យ​បាន​ឆាប់»។​

ការ​បញ្ជាក់​ជំហរ​ជាថ្មី​របស់​កម្ពុជា​នេះធ្វើ​ឡើង​ ក្រោយ​ពី​មាន​របាយ​ការណ៍​ថា​ ​យោធា​វៀតណាម​បាន​បង្កើន​ការ​បោះ​តង់​នៅ​តាម​តំបន់​ព្រំដែន​ពី ​៣១ ​កន្លែងរហូត​ដល់​ ២៥៦ ​កន្លែង​ ទោះបីជា​មាន​ការ​ជំទាស់​ និងការទាមទារ​ពី​រដ្ឋាភិបាល​កម្ពុជាឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំង​នោះ​ចេញ​ហើយ​រក្សា​តំបន់​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ឲ្យ​នៅ​ស្ថានភាព​ដដែល​ក៏​ដោយ។​

ភាគី​កម្ពុជា ​និង​វៀតណាមបាន​បញ្ជូន​កំណត់​ទូត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​បោះ​តង់​នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។​

វៀតណាមលើក​ឡើង​ថា​ ​ការ​បោះតង់​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរគឺ​ដើម្បី​បង្ការ​និង​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែនក្នុង​គ្រា​មាន​កូវីដ១៩។​ ​

ប៉ុន្តែ​កម្ពុជា​ដែល​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​កម្ពុជា​ឲ្យ​មក​បំភ្លឺ​អំពី​ករណី​នេះ​ បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំង​នោះ​ចេញ​ឲ្យ​បាន​ឆាប់​ និង​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​នៅ​តាម​តំបន់​ទាំង​នោះ​រហូត​ដល់​គណៈ​កម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​ការ​មិន​ទាន់​ឯកភាព​គ្នា​ឲ្យ​ចប់​សព្វ​គ្រប់​សិន។​

កម្ពុជា​និង​វៀតណាម​មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង​១២៧០​គីឡូម៉ែត្រ​ ហើយ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ កន្លង​មក​បាន​សម្រេច​លើ​កិច្ចការ​បោះបង្គោល​ខណ្ឌសីមា​បាន​ចំនួន​៨៤​ភាគ​រយ​ហើយ៕