Alynana Media Cambodia
Icon Collap
clinic narit

សម្តេច ហ៊ុន សែន នៅតែបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្ទាប់ពីកម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ៩នាក់ថែមទៀត

Sang Kim | Jun 27, 2020
សម្តេច ហ៊ុន សែន នៅតែបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្ទាប់ពីកម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ៩នាក់ថែមទៀត
Clinic narith

2020-06-27

សម្តេច ហ៊ុន សែន៖ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩ ។ កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោក និងតាមព្រលានយន្តហោះ ដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព (Health Screening) ដោយអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

ចាប់តាំងពីថ្ងៃទី ២០ ខែ ឧសភា កន្លងទៅនេះ កម្ពុជាយើងបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៧នាក់ ហើយនៅថ្ងៃទី ២៦ ខែ មិថុនា កន្លងមកនេះ គឺយើងរកឃើញអ្នកឆ្លងកូវីដថ្មី ៩នាក់ថែមទៀត ដែលពួកគាត់ទើបបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះសរុបមកកម្ពុជាយើងគឺមានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ទាំងអស់សរុបចំនួន ១៣៩នាក់ ហើយព្យាបាលជាសះស្បើយបាន ១២៩នាក់ នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសូវៀតចំនួន ១០នាក់។ ជំងឺកូវីដ-១៩ នៅតែជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ ថ្ងៃនេះតួលេខពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅក្នុងប្រទេសចំនួន ២១៦ គឺមានអ្នកឆ្លងមេរោគកូវីដ១៩ បានកើនឡើងរហូតដល់ 9,473,214 នាក់ និងមានអ្នកស្លាប់ 484,249 នាក់។ 

ដើម្បីសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សូមបងប្អូនរស់នៅមានអនាម័យល្អ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះ យើងមើលមិនឃើញទេ គឺការពារប្រសើរជាងព្យាបាល។

សូមជូនពរបងប្អូនជនរួមជាតិបានរីករាយជួបជុំក្រុមគ្រួសារ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕