នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខជូនលោកស្រី អ៉ឹម សុវណ្ណ ភរិយាសពលោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលបានទទួលមរណភាព ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង០៥៖៤៥នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
ក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ ព្រោះថាការបាត់បង់លោកព្រឹទ្ធចារ្យ នាដកោសល្យវដ្ដី គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលារួមចំណែក លើកស្ទូយវិស័យសិល្បៈវប្បធម៌ជាតិពេញមួយជីវិតរបស់លោក។
សម្ដេចតេជោ ហ៊ុន សែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធចារ្យ នាដកោសល្យវដ្ដី សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕