ភ្នំពេញ —
អតីតប្រធានមន្ទីរស ២១ ក្នុងសម័យខ្មែរក្រហម ដែលគេស្គាល់ថាគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច បានទទួលមរណភាព កាលពីយប់រំលងអធ្រាត្រ ចូលថ្ងៃទី ២ ខែកញ្ញា។ នេះបើយោងតាមលោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា លោក ឌុច អាយុ ៧៨ ឆ្នាំ បានស្លាប់នៅនៅវេលាម៉ោងជិត ១ ទៀបភ្លឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោក ឌុច ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមានសភាពហត់ខ្លាំង។ មិនទាន់មានការបញ្ជាក់ហេតុផលពិតប្រាកដនៃការស្លាប់របស់លោកនៅឡើយទេ។កាលពីឆ្នាំ ២០១៨ លោកធ្លាប់ត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាល ទៅមន្ទីរពេទ្យម្តងរួចមកហើយ។
ដំបូងឡើយ លោក ឌុច ត្រូវបានផ្តន្ទាទោស កាលពីខែកក្កដា ឆ្នាំ២០១០ ដាក់ពន្ធនាគារ ៣៥ ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ ហើយតុលាការកំពូលបានសម្រេចសេចក្តី កាលពីខែកុម្ភៈ ឆ្នាំ ២០១២ ដោយផ្តន្ទាទោស ឌុច ដាក់ពន្ធនាគារអស់មួយជីវិត។
លោកត្រូវបានដាក់ឲ្យទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សប្រមាណ ១៤០០០ នាក់ នៅគុកទួលស្លែង ឬមន្ទីរស ២១។ កាលពីខែមិថុនា ឆ្នាំ ២០១៣ លោក ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារ។
បើតាមសាលាដីខ្មែរក្រហម លោក ឌុច ត្រូវបានបញ្ជូនទៅជំនុំជម្រះដោយសហចៅក្រមស៊ើបអង្កេតកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០០៨៕