សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងសម្ពោធបណ្ណាល័យសម្ដេចម៉ែនៃវិទ្យាស្ថានស្លឹករឹត ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាតម្កល់ឯកសារជាង ១លាន ៧សែនទំព័រ។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២១ កញ្ញា ឲ្យដឹងថា បណ្ណាល័យសម្ដេចម៉ែ តម្កល់ទុកសៀវភៅប្រមាណជាង ៣០០០ក្បាល និងឯកសារចំនួន ២៨០០ប្រអប់ ដែលប្រមែប្រមូលដោយលោកឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ក្នុងអំឡុងរយៈពេលជាច្រើនឆ្នាំនៃការងារចងក្រងកត់ត្រាឯកសាររបស់លោកស្ដីពីរាជវង្សានុវង្ស និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
ឯកសារដែលតម្កល់នៅក្នុងបណ្ណាល័យសម្ដេចម៉ែ រួមមានសៀវភៅជាច្រើនទៀតស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងឯកសារស្ដីពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) យ៉ាងហោចណាស់ ១លាន ៧សែនទំព័រ ដែលស្រាវជ្រាវដោយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាអស់រយៈពេលប្រមាណជាង ២០ឆ្នាំកន្លងមក។ បណ្ណាល័យសម្ដេចម៉ែ ថែមទាំងមានតម្កល់នូវឯកសារក្នុងទម្រង់ដទៃទៀត ដូចជា រូបថត ភាពយន្ត និងខ្សែអាត់សំឡេងជាច្រើនម៉ឺននាទីរបស់ជនរងគ្រោះក្នុងសម័យ ប៉ុល ពត ដែលត្រូវបានធ្វើឲ្យទៅជាទម្រង់ឌីជីថលមានគុណភាពខ្ពស់ ដើម្បីធានាដល់ការអភិរក្សលើឯកសារឲ្យបានគង់វង្ស និងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការប្រើប្រាស់៕