Alynana Media Cambodia
Icon Collap
clinic narit

ការធ្វើ​នយោបាយ​លើ​បញ្ហា​ទន្លេមេគង្គ និង​កង្វះខាត​តម្លាភាព​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍

Sang Kim | Sep 24, 2020
ការធ្វើ​នយោបាយ​លើ​បញ្ហា​ទន្លេមេគង្គ និង​កង្វះខាត​តម្លាភាព​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍
Clinic narith

ថ្មីៗ​នេះ​មាន​ការប៉ុនប៉ង​យក​បញ្ហា​ទន្លេមេគង្គ​ធ្វើជា​បញ្ហានយោបាយ និង​សន្តិសុខ ហើយ​​ថែម​ទាំង​មាន​ការព្យាយាម​ចាត់ទុក​តំបន់​មេគង្គ​ដូច​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀត​។

តាមពិត​ទៅ ក្របខ័ណ្ឌ​អភិវឌ្ឍន៍​នៅ​អនុតំបន់​មេគង្គ​ត្រូវ​​បាន​រៀបចំ​ឡើងជា​មួយ​ប្រទេស​​ដៃគូ​ជាច្រើន និង​មាន​ច្រើន​ស្រទាប់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការសហការ​ជាក់ស្តែង​ជាមួយ​ដៃគូ​នីមួយៗ​។ នៅពេល​ការប្រកួតប្រជែង​រវាង​ដៃគូ​ទាំងនេះ​កើនឡើង ក្របខ័ណ្ឌ​ទន្លេមេគង្គ​បាន​ក្លាយ​ជា “​សម្លចាប់ឆាយ​” នៃ​យន្តការ​ចម្រុះ​ដែល​សម្បូរ​តែ​សុន្ទរកថា​ពីរោះ​ស្តាប់ កិច្ចសន្យា​ខ្យល់ និង​ការវាយប្រហារ​តាម​ពាក្យសម្តី​រវាង​ប្រទេស​មាន​អំណាច ដែល​ប្រការ​ទាំងនេះ​មិនបាន​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​ពិតប្រាកដ​នៅក្នុង​តំបន់​ឡើយ​។

និន្នាការ​ខាងលើ​កើត​ចេញ​ពី ​“​មនោសញ្ចេតនា​ស្អប់​ចិន​” របស់​តួអង្គ​មួយចំនួន ដែល​មាន​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​ចិន​ ឬ​ប្រទេស​ដែល​គិតថា ចិន​គឺជា​ការគំរាម​កំហែង​សន្តិសុខ​។

បញ្ហា​កង្វល់​ផ្នែក​នយោបាយ​ និង​សន្តិសុខ​ពិតជា​មាន​ដូចជា កង្វះខាត​តម្លាភាព​នៃ​ទិន្នន័យ​ជលសាស្ត្រ និង​ឥរិយាបថ​ព្រងើយកន្តើយ​មិន​ចូលរួម​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ធនធាន​ទឹក​ក្នុង​តំបន់​របស់​ចិន​។ យ៉ាងណាក្តី មិនមែន​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ទាំងអស់​សុទ្ធតែ​គិត​ថា​ចិន​ជាការ​គំរាមកំហែង​នោះទេ​។ ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ស្ទើរតែ​ទាំងអស់​គិតថា ការគ្រប់គ្រង​ធនធាន​ទឹក​គួរតែ​ត្រូវបាន​កែលម្អ ប៉ុន្តែ​ពួកគេ​ក៏​គិត​ដែរ​ថា មិន​គួរ​យក​បញ្ហា​មេគង្គ​ទៅ​ធ្វើ​ជា​បញ្ហា​សន្តិសុខ​នោះទេ​។

ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​គិតថា បញ្ហា​បច្ចេកទេស​គួរតែ​ត្រូវ​បែងចែក​ឱ្យដាច់​ជាមួយ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​។ ការយក​បញ្ហា​មេគង្គ​ទៅ​ប្រៀបធៀប​ជាមួយ​បញ្ហា​ជម្លោះ​ទឹកដី​ដូចជា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺជា​ការប្រៀបធៀប​ខុស​ទំនង​។ ​ភាពស្មុគស្មាញ និង​កត្តា​​ពេលវេលា គឺ​ខុសគ្នា​ស្រឡះ​។ បញ្ហា​ប្រទាំង​ប្រទើស​ទាក់ទង​នឹង​ទន្លេមេគង្គ គឺជា​បញ្ហា​តែមួយ​រយៈពេល និង​អាច​គ្រប់គ្រង​បាន ផ្ទុយ​ពី​ជម្លោះ​ទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្មុគស្មាញ​ហួសប្រមាណ ហើយ​បាន​​កើតមានឡើង​ជាច្រើន​សតវត្សរ៍​មកហើយ​។

 

ការព្យាយាម​យក​បញ្ហា​មេគង្គ​ធ្វើជា​បញ្ហា​សន្តិសុខ​គឺ​ដើម្បី​តែ​បម្រើ​ផលប្រយោជន៍​របស់​ប្រទេសមួយ​ចំនួន​តូច​ប៉ុណ្ណោះ​។ ការរុញច្រាន​បែបនេះ​ក៏​អាច​ជា​បំណង​ចង់​ឱ្យ​តំបន់​មេគង្គ​ក្លាយជា​វេទិកា​នៃ​ការប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច​ដែល​អាច​ក្លាយ​ទៅ​ជា​កង្វល់​សន្តិសុខ​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​តំបន់​។ ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ​ពុំមាន​អំណាច​អ្វី​អាច​គ្រប់គ្រង​ការប្រកួតប្រជែង​រវាង​ប្រទេស​មាន​អំណាច​នោះទេ ហើយ​មាន​សមត្ថភាព​តិចតួច​ក្នុង​ការទប់ទល់​នឹង​ការដាក់​សម្ពាធ ចាប់បង្ខំ​ឱ្យ​កាន់ជើង​មហាអំណាច​ណាមួយ ឬ​ជ្រើសរើស​យកតែ​ម្ខាង​។

ការធ្វើ​បែប​នេះ​មាន​តែ​ធ្វើឱ្យ​ខ្សោះ​ធនធាន​មនុស្ស និង​ថវិកា ដើម្បី​សម្របសម្រួល​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ប៉ុណ្ណោះ ព្រោះ​ថា​ប្រទេស​មេគង្គ​ភាគច្រើន​កំពុង​តែ​មាន​ការលំបាក​ក្នុង​ការសម្របសម្រួល​រួចទៅហើយ​។ ការយក​បញ្ហា​មេគង្គ​ទៅ​ធ្វើ​ជា​បញ្ហា​សន្តិសុខ​នឹង​ធ្វើឱ្យ​យើង​បាត់បង់​គោលដៅ​ពិត​ប្រាកដថា តើ​យើង​កំពុង​តែ​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន​នៅក្នុង​តំបន់ ឬ​ក៏​បម្រើ​ឱ្យ​របៀបវារៈ​របស់​ប្រទេស​មាន​អំណាច​?

មាន​ភាសិត​មួយ​ដែល​គេ​លើកឡើង​ថា​ “​មាន​អ្នកជិតខាង​ល្អ​នៅ​ក្បែរ គឺ​ប្រសើរ​ជាង​មាន​សាច់ញាតិ​ដែល​នៅ​ឆ្ងាយ​” ហើយ​ក៏​មាន​ភាសិត​មួយ​ដែល​លើក​ថា​ “​យើង​អាច​ផ្លាស់ប្តូរ​មិត្តភកិ្ត​បាន ប៉ុន្តែ​យើង​មិនអាច​ប្តូរ​អ្នកជិត​ខាង​បានឡើយ​”​។ បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការរួមរស់​ដោយ​សុខសាន្ត និង​សុខដុម​ជាមួយ​គ្នា​ទោះបី​ជា​មាន​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​គ្នា​ក៏ដោយ​។

ដោយសារ​តែ​មាន​សម្ពាធ​ទាក់ទង​នឹង​តម្លាភាព ចិន​បាន​សុខចិត្ត​បន្ត​ចែករំលែក​ទិន្នន័យ​ជលសា​ស្ត្រ​ជាមួយ​គណៈកម្មការ​ទន្លេមេគង្គ​ (MRC) ដែល​អាច​ជួយ​រួមចំណែក​ដល់​ការត្រួតពិនិត្យ​ស្ថានភាព​ទឹកទន្លេ និង​ព្យាករ​ទឹកជំនន់​ឱ្យ​កាន់តែ​ប្រសើរឡើង​។ គណៈកម្មការ​ទន្លេមេគង្គ​ក៏​ទទួល​ឋានៈ​ជា “​អ្នក​សង្កេតការណ៍​” នៅក្នុង​ក្រុមការងារ​បច្ចេកទេស​ស្តីពី​ធនធានទឹក​នៅ​ក្រោម​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡានឆាង​ (MLC) ​ជាមួយ​ចិន​ផងដែរ​។

ទាក់ទង​នឹង​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង គឺ​ផ្តោតលើ​គម្រោង​ជាក់ស្តែង​ដែល​គាំទ្រ​ដល់​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ តាមរយៈ​គម្រោង​ធុន​តូច និង​មធ្យម​ត្រឹម​កម្រិត​ ៥០ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​គម្រោង​។ គម្រោង​ទាំងនេះ​មាន​គោលដៅ​គាំទ្រ​ដល់​ការកសាង​សមត្ថភាព ការអប់រំ កសិកម្ម និង​ការកែលម្អ​ជីវភាព​ប្រជាជន​តាម​មូលដ្ឋាន​។

គម្រោង​ក្នុង​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង មាន​តម្លាភាព​ល្អ បើ​ប្រៀបធៀប​ជាមួយ​គម្រោង​នៅក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ (BRI) ​ពីព្រោះថា គ្មាន​នរណា​ដឹង​ឱ្យ​ពិតប្រាកដ​ទេ​ថា តើ​ BRI ​មាន​គម្រោង​អ្វីខ្លះ​? ​គាំទ្រ​ដោយ​រដ្ឋ​ ឬ​ឯកជន​? បញ្ជី​គម្រោង​ផ្លូវការ​គឺ​ពិបាក​នឹង​ស្វែងរក​ណាស់​។

បញ្ហា​តម្លាភាព មិនមែន​មាន​តែ​ចំពោះ​ប្រទេស​ចិន​ទេ​។ ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត​ក៏មាន​បញ្ហា​កង្វះខាត​តម្លាភាព​ដូចគ្នា​ដែរ​។ ប្រទេស​ដៃគូ​ខ្លះ​តែងតែ​សន្យា​នូវ​គម្រោង​ជំនួយ និង​គំនិត​ផ្តួចផ្តើម​នានា​ដែល​មាន​ទំហំ​ធំធេង ប៉ុន្តែ​គ្មាន​នរណា​ដឹង​ឱ្យ​ពិត​ប្រាកដថា គម្រោង​ទាំងនោះ​មាន​អ្វីខ្លះ នរណា​ជា​អ្នក​អនុវត្ត នរណា​ជា​អ្នក​ទទួល​ផល​នោះឡើយ​។

ការកំណត់​គម្រោង​ជាក់លាក់​​មាន​សារៈសំខាន់​ណាស់​សម្រាប់​​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​។ ការពាក់ព័ន្ធ​ចូលរួម (stakeholdership) ​និង​ភាពជា​ម្ចាស់​ (ownership) របស់​ប្រទេស​ម្ចាស់ផ្ទះ​ក៏មាន​សារៈសំខាន់​ផងដែរ​។ រដ្ឋាភិបាល​ម្ចាស់ផ្ទះ ឬ​សូម្បីតែ​ស្ថាប័ន​ជំនាញ​ដែល​មាន​សមត្ថកិច្ច​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ណាមួយ ពេល​ខ្លះ​តែងតែ​ស្តាប់ឮ​នូវ​របាយការណ៍​ជំនួយ​ដ៏ធំធេង ប៉ុន្តែ​ពួកគេ​ក៏​គ្មាន​ព័ត៌មាន​ជាក់លាក់​ស្តីពី​គម្រោង​ដែល​ប្រទេស​​ដៃគូ​សន្យា ឬ​គម្រោង​ដែល​កំពុងតែ​អនុវត្ត​ដែរ​។ ពេលខ្លះ​សូម្បីតែ​រដ្ឋាភិបាល​ម្ចាស់ផ្ទះ​ក៏​មិនដឹង​ដែរ​ថា តើ​ជំនួយ​មូលនិធិ​ទាំងនោះ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ដូចម្តេច ដើម្បី​អ្វី ដើម្បី​នរណា និង​នរណា​ជា​អ្នកអនុវត្ត​?

ករណី​នេះ​មិនមែន​ត្រឹមតែ​ជា​ករណី​របស់​ប្រទេស​កម្ពុជា​​នោះទេ​។ យ៉ាងណាក្តី រាជរដ្ឋាភិបាល​នៅតែ​គួរសម និង​អរគុណ​ជានិច្ច​ចំពោះ​ជំនួយ​របស់​ប្រទេស​ដៃគូ ព្រោះ​យើង​មិន​ចង់​ខ្វះ​ការគួរសម ឬ​មិន​ចង់​ធ្វើឱ្យ​ល្អក់កករ​ទំនាក់ទំនង​។

ប្រទេស​ដៃគូ​ខ្លះ​មិន​ខ្វល់​នឹង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ម្ចាស់ផ្ទះ​ដែល​ជា​ដៃគូ​ផ្លូវការ​របស់​ពួកគេ​ផង​។ ពួកគេ​ទាក់ទង​តែ​ជាមួយ​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​ពួកគេ​ប៉ុណ្ណោះ ប៉ុន្តែ​បែរ​ជា​ទាមទារ​ជារឿយៗ​ឱ្យ​រដ្ឋាភិបាល​ម្ចាស់ផ្ទះ​ទទួលស្គាល់​សកម្មភាព​របស់​ពួកគេ នៅពេល​ដែល​រដ្ឋាភិបាល​មិន​ធ្លាប់​បាន​ទទួល​របាយការណ៍​​អ្វី​សោះ​។ ប្រទេស​ដៃគូ​ខ្លះ​ដើរ​ប្រមូល​ទិន្នន័យ​ពី​ប្រទេស​ម្ចាស់ផ្ទះ ប៉ុន្តែ​ចុងក្រោយ​មិន​ព្រម​ចែករំលែក​លទ្ធផល​នៃ​ការសិក្សា​របស់​ពួកគេ​ទេ​។ ដូច្នេះ​​ដៃគូ​អភិវឌ្ឍន៍​ក៏​ត្រូវ​មាន​ការទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​តម្លាភាព​ផងដែរ​។

ប្រទេស​ដៃគូ​គួរតែ​គាំទ្រ​ការអភិវឌ្ឍ​នៅ​តំបន់​ទន្លេមេគង្គ​តាមរយៈ​ការសំយោគ និង​ការបំពេញ​បន្ថែម និង​ការកាត់បន្ថយ​ភាពច្រំដែល​នៃ​យន្តការ​ដែល​មាន​ស្រាប់​។ ពួកគេ​មិនគួរ​ជំរុញ​ឱ្យ​មាន​ការរើសអើង ការយក​បញ្ហា​មេគង្គ​មក​ធ្វើជា​បញ្ហានយោបាយ និង​សន្តិសុខ​ ឬ​ចោទប្រកាន់​ដាក់​កំហុស​រវាង​ប្រទេស​មានអំណាច ដោយ​ភ្លេច​គិតគូរ​ពី​ផលប្រយោជន៍​ពិតប្រាកដ​នៃ​ការអភិវឌ្ឍ​នៅ​តំបន់​មេគង្គ​នោះទេ​។

ពួកគេ​គួរតែ​ជួយ​គាំទ្រ​ដល់​ការស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ជាក់ស្តែង​នានា ដូចជា ការនេសាទ​ខុសច្បាប់​ដែល​ធ្វើឱ្យ​អន្តរាយ​ដល់​ធនធាន​មច្ឆជាតិ​តាម​ដង​ទន្លេមេគង្គ​ឱ្យ​ហិនហោច​ខ្លាំង​ជាង​គ្រោះ​រាំងស្ងួត ​ឬ​ស្ថានភាព​កម្រិត​ទឹក​ទាប​នៅ​​ទន្លេមេគង្គ​ដែល​កើត​មាន​ម្តងម្កាល​ទៅទៀត​។ ពួកគេ​គួរតែ​​ជួយ​ប្រទេស​មេគង្គ​ឱ្យ​មាន​លទ្ធភាព​គ្រប់គ្រង​ធនធានទឹក​របស់​​ខ្លួន​ដោយ​ផ្អែកលើ​វិទ្យាសាស្ត្រ​ទិន្នន័យ​វិភាគ និង​អព្យាក្រឹត​។

ចុងក្រោយ ប្រទេស​ដៃគូ​គួរតែ​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​ការរួមរស់​ដោយ​សុខសាន្ត និង​ភាព​ជា​អ្នកជិតខាង​ល្អ​នៅក្នុង​តំបន់​មេគង្គ​នេះ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​បំផ្លិចបំផ្លាញ​ច្រើន​ឆ្អែតឆ្អន់​រួចទៅហើយ​។ ​នេះ​មិនមែន​ជា​ក្តីកង្វល់​ដែល​ហួសហេតុ​នោះទេ នៅពេល​ដែល​យើង​គិតថា ការយក​បញ្ហា​សន្តិសុខ​មក​លាយឡំ​ច្របូកច្របល់ អាច​នាំ​ឱ្យ​មាន​សង្គ្រាម​ដោយ​​តួអង្គ​តំណាង​កើតឡើង​សាជាថ្មី ដូច​សម័យ​សង្គ្រាម​វៀតណាម​ដែល​បាន​បំផ្លិចបំផ្លាញ​តំបន់​​មេគង្គ​យ៉ាង​ដំណំ​។ ​សម្រាប់​កម្ពុជា​​លទ្ធភាព​នៃ​ការកើតឡើង​នៃ​សង្គ្រាម​វៀតណាម​លើក​ទី​ ២ គឺជា​គ្រោះភ័យ​ដ៏គួរ​ឱ្យខ្លាច ជា​សុបិន​អាក្រក់​រាប់​ទសវត្សរ៍​ដែល​នៅ​បន្សល់​មរតក​ខ្មៅ​ងងឹត​រហូតដល់​សព្វថ្ងៃ​។

ក្នុង​នាម​ជា​ប្រទេស​ដែលមាន​សន្តិភាព​ក្រោយ​គេ​បង្អស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​មេគង្គ កម្ពុជា​គ្មាន​បំណង​ប្រាថ្នា​នឹង​ក្លាយ​ទៅ​ជា​ឆាក​ ឬ​វេទិកា​សម្តែងឫទ្ធិ​អំណាច​របស់​ប្រទេស​មហាអំណាច​សាជាថ្មី​ម្តង​​ទៀត​ដូច​កាលសម័យ​សង្គ្រាម​វៀតណាម​ទៀតឡើយ​។

ស៊ឹម វីរៈ ​ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI)