Alynana Media Cambodia
Icon Collap
clinic narit

ដូណាល់ ត្រាំ នឹងបន្តបំពេញភារកិច្ចរបស់លោក ដោយគ្មានការរំខាននោះឡើយពេលដែលលោកធ្វើចត្តាឡីស័ក

Sang Kim | Oct 02, 2020
ដូណាល់ ត្រាំ នឹងបន្តបំពេញភារកិច្ចរបស់លោក ដោយគ្មានការរំខាននោះឡើយពេលដែលលោកធ្វើចត្តាឡីស័ក
Clinic narith

(វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិត សន ខុនលី (Sean Conley) នៅថ្ងៃសុក្រនេះបានប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងបន្តបំពេញភារកិច្ចរបស់លោក ដោយគ្មានការរំខាននោះឡើយ អំឡុងពេលដែលលោកធ្វើចត្តាឡីស័ក និងទទួលការព្យាបាលពីជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍របស់លោក Conley ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងជំទាវទី១ មេឡានៀ បានឆ្លងជំងឺ COVID-19។ រហូតមកទល់ពេលនេះ លោក ត្រាំ និងភរិយាសុទ្ធតែមានសុខភាពល្អ ហើយគ្រោងនឹងស្នាក់នៅក្នុងសេតវិមាន ក្នុងអំឡុងនៃដំណើរការធ្វើចត្តាឡីស័ក និងការព្យាបាលឲ្យជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញលោក ត្រាំ ក្នុងវ័យ ៧៤ឆ្នាំ កំពុងប្រឈមនឹងហានិភ័យខ្ពស់ ចំពោះវីរុសដ៏កាចសាហាវនេះ ដោយសារអាយុរបស់លោក ហើយលោកក៏មានបញ្ហាលើសទម្ងន់ផងដែរ។

វេជ្ជបណ្ឌិតខាងលើនេះបានសង្តត់ធ្ងន់ទៀតថា ក្រុមគ្រូពេទ្យប្រចាំសេតវិមាន កំពុងឃ្លាំមើលស្ថានភាពសុខភាពលោក ត្រាំ យ៉ាងប្រុងប្រយ័ត្នបំផុត។ ទោះជាយ៉ាងណាក៍ដោយ លោកប្រធានាធិបតីនឹងបន្តបំពេញភារកិច្ចរបស់លោក ជាធម្មតាដោយគ្មានការរំខាន ហើយលោកនឹងបន្តរក្សាបច្ចុប្បន្នភាព លើការវិវត្តរបស់លោកប្រធានាធិបតីនាពេលអនាគត។ នៅជុំវិញបញ្ហាខាងលើសេតវិមាន ក៏បានចេញកាលវិភាគថ្មីសម្រាប់សកម្មភាពរបស់លោក ត្រាំ នៅថ្ងៃសុក្រនេះផងដែរ ដោយលោកនឹងមិនអាចដំណើរទស្សនកិច្ចទៅកាន់រដ្ឋផ្លរីដា (Florida) តាមការគ្រោងទុកពីមុននោះទេ។

គួរបញ្ជាក់ថា លោកទំនងជាបានឆ្លងជំងឺនេះ ពីទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោកមួយរូប គឺលោកស្រី ហូប ហីកស៍ (Hope Hicks) ដែលត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 បន្ទាប់ពីបានរួមដំណើរជាមួយលោក ត្រាំ នៅលើយន្ដហោះពិសេស Air Force One។ លោកស្រី Hicks បានរួមដំណើរជាច្រើនលើកជាមួយលោក ត្រាំ កាលពីពេលថ្មីៗនេះ ក្នុងនោះរួមមានទាំងវេទិកាតស៊ូមតិក្នុងទីក្រុង ក្លេវលែនដ៍ (Cleveland) កាលពីថ្ងៃអង្គារ និងបានអមដំណើរលោកប្រធានាធិបតីអាមេរិករូបនេះ ទៅចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃពុធកន្លងទៅនៅឯរដ្ឋ មីននីសូតា (Minnesota) ផងដែរ៕