Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភ៣ខែទៀត ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារ

Sang Kim | Oct 07, 2020
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភ៣ខែទៀត ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារ
Clinic narith

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសការពីបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល០៣ខែបន្ថែមទៀត គឺចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះប្រមាណ៦០ម៉ឺនគ្រួសារ ស្មើនឹងជាង៣លាននាក់ ដែលបន្តទទួលបានការឧបត្ថម្ភនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំប្រកាសជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា រាជរដ្ឋាភិបាលនឹងបន្តក្នុងរយៈពេល៣ខែទៀត អ្នកដែលបានទទួលជំនួយឧបត្ថម្ភ ដែលជាគ្រួសារក្រីក្រប្រមាណ៦០ម៉ឺនគ្រួសារ ជាមួយនឹងមនុស្សជាង៣លាននាក់ ចាប់ពីពេលនេះរហូតដល់ខែធ្នូ ដែលជាជុំទី៦ នៃអន្តរាគមន៍របស់រាជរដ្ឋាភិបាល»។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលវិនិយោគអស់ទឹកប្រាក់ជាង៨៥លានដុល្លារ។

ក្រៅពីបន្តការឧត្ថម្ភដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ រយៈពេល៣ខែទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីការបន្តឧបត្ថម្ភកម្មករ និយោជិត បម្រើការងារនៅរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍រយៈពេល៣ខែបន្តទៀតផងដែរ ដែលក្នុងនោះកម្មករ និយោជិតក្នុងវិស័យកាត់ដេរ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារ និងថៅកែរោងចក្រ ៣០ដុល្លារ សរុប៧០ដុល្លារក្នុង១ខែ។ ចំណែកកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារក្នុង១ខែ។

សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលក៏សម្រេចបង្កើនកម្មវិធីសាច់ប្រាក់ពលកម្មពី៥០លានដុល្លារ ដល់១៥០លានដុល្លារផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើពលកម្ម ជាប្រព័ន្ធធារាសាស្ត្រតូចៗ និងជាផ្លូវលំ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងទទួលបានប្រាក់ចំណូលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាលក៏នៅតែបន្តនូវអនុវត្តន៍កិច្ចគាំពារសង្គមផ្សេងទៀត ដូចជាកម្មការិនីសម្រាលកូន ស្ត្រីមានផ្ទៃពោះចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ កន្លងមក។ កម្មវិធីនេះ គឺជាការយកចិត្តទុកដាក់ចំពោះជីវភាព និងការលំបាករបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានរួមចំណែកជំរុញឱ្យមានការកែសម្រួលកាន់តែប្រសើរឡើង នូវការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត ក្នុងការអនុវត្តកម្មវិធី។

ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ខែទី១ មានអ្នកទទួលផលចំនួន ៥៣០ ៨៣៨ គ្រួសារ, ខែទី២ ចំនួន ៥៩៨ ៥១២គ្រួសារ, ខែទី៣ ចំនួន៦៤៤ ៦៥៥ គ្រួសារ។ ដោយឡែកសម្រាប់ខែទី៤ ដែលបានចាប់ផ្ដើមអនុវត្តបើកផ្ដល់កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន ១២៥ ១៧២ ៦៨៧ ៦០០ រៀល សម្រាប់បើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៨៩ ៩៧៣ គ្រួសារ៕

fn-2020-10-07-09-59-30-0fn-2020-10-07-09-59-08-1fn-2020-10-07-09-59-24-4fn-2020-10-07-09-59-24-3fn-2020-10-07-09-59-24-1fn-2020-10-07-09-59-24-0fn-2020-10-07-10-05-30-10fn-2020-10-07-10-05-29-9fn-2020-10-07-10-05-29-8fn-2020-10-07-10-05-29-7fn-2020-10-07-10-05-29-5fn-2020-10-07-10-05-29-0fn-2020-10-07-10-01-51-20fn-2020-10-07-10-01-51-17fn-2020-10-07-10-01-24-5