Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានឹងធ្វើកំណត់ហេតុ​រួម​គ្នា​មួយតវ៉ា ករណីសណ្ឋាគារថៃមួយ សាងសង់ដោយយកតាមរចនាបថប្រាសាទខ្មែរ

Sang Kim | Oct 08, 2020
កម្ពុជានឹងធ្វើកំណត់ហេតុ​រួម​គ្នា​មួយតវ៉ា ករណីសណ្ឋាគារថៃមួយ សាងសង់ដោយយកតាមរចនាបថប្រាសាទខ្មែរ
Clinic narith

ទាក់ទង​សំណុំ​រឿង​សណ្ឋាគារ​ថៃ​ឈ្មោះ ​Le Palais​ ដែល​សាងសង់​ដោយ​យក​តាម​រចនាបថ​ប្រាសាទ​ខ្មែរ​នោះ ​នៅ​ទី​បំផុត​ទៅ​ ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ជា​ពិសេស​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​សម្រេច​ធ្វើ​កំណត់​ហេតុ​រួម​គ្នា​មួយ​ ដាក់​ជូន​ក្រសួង​ការបរទេស​កម្ពុជា ​ដើម្បី​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​ការ​ទូត​។ ការ​តវ៉ា​នេះ​ គឺ​ផ្អែក​លើ​មាត្រា​មួយ​ចំនួន​នៃ​អនុសញ្ញា​ទីក្រុង​ប៉ារីស​ ស្តីពី​ កិច្ច​ការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម​ និង​គោលការណ៍​ផ្សេងៗទៀត​ ដែល​ទាក់ទង​ដល់​ការ​រក្សា​គុណ​តម្លៃ​នៃ​ប្រាសាទ​បុរាណ​ខ្មែរ​។

សេចក្តីសម្រេចនេះ បានធ្វើឡើងនៅក្រោយពីមានកិច្ចប្រជុំអន្តរក្រសួងមួយ កាលពីថ្ងៃទី ០៦ តុលា ដើម្បីពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់ ដែលសណ្ឋាគារ Le Palais បានយករចនាបថប្រាសាទខ្មែរទៅសាងសង់។ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងដែលមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងក្រសួងការបរទេស តំណាងក្រសួងទេសចរណ៍ និងតំណាងក្រសួងពាណិជ្ជកម្មកម្ពុជាផងនោះ បានសម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័នមួយ ជូនទៅក្រសួងការបរទេសកម្ពុជា ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូត ដោយផ្អែកទៅលើមាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០  ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ។

នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ​ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ នៅថ្ងៃទី ០៨ តុលានេះ។ យ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើកំណត់ទូតរបស់កម្ពុជាមានខ្លឹមសារយ៉ាងណានៅឡើយទេ ដោយទុកលទ្ធភាពនេះ អោយក្រសួងការបរទេសកម្ពុជាសិក្សាបន្តទៅលើផ្នែកច្បាប់ជាតិ និងអន្តរជាតិ។ ប៉ុន្តែជារួម កិច្ចប្រជុំអន្តរស្ថាប័ននេះ បានសម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័នមួយ ជូនទៅក្រសួងការបរទេសកម្ពុជា ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូត។

គួរជំរាបជូនថា បន្ទាប់ពីមានប្រតិកម្មពីមហាជនខ្មែរ ចំពោះការសាងសង់សណ្ឋាគារ Le Palais នៅកោះផាងហ្គាននៃខេត្តស៊ូរ៉ាត់ថានីប្រទេសថៃ ដោយយកតាមលំនាំនៃរចនាបថប្រាសាទបុរាណខ្មែរនោះ ម្ចាស់សណ្ឋាគារដែលមានប្តីជាជនជាតិបារាំង និងភរិយាជាជនជាតិខ្មែរដែលបានចូលភាគហ៊ុនជាមួយអ្នកវិនិយោគថៃនោះ បានចេញមក​សុំ​អភ័យទោសពីប្រជាពលរដ្ឋកម្ពុជា។ នេះបើតាមការផ្សាយរបស់​កាសែត​បាងកក​ប៉ុស្តិ៍ កាលពីថ្ងៃទី ០៥ តុលា។

សូមបញ្ជាក់ថា សណ្ឋាគារ Le Palais ស្ថិតនៅលើកោះផាងហ្គាននេះ បាន​បង្កើតឡើងតាំងពី​ឆ្នាំ​២០១៤មកម្លេះ ដោយសង់យកតាមរ​ចនាប​ថប្រាសាទខ្មែរ ពិសេស គឺរចនាបថប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី និងជាពិសេស គឺប្រាសាទអង្គរវត្ត។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានថ្លែងថា អ្វីដែលសណ្ឋាគារ Le Palais ធ្វើខុសពេលនេះ គឺមិនបានសុំច្បាប់អនុញ្ញាតពីប្រទេសកម្ពុជា៕

 F7BF4225-3ECB-4232-B903-1A4FD0EB1C05F8B20893-0761-4DBD-BE9B-86E6318DBFB370BF38C7-3BBB-4F3A-AF31-79730CA3940BACD50279-B14E-47C4-878D-33253409470C2726E75E-609F-4F60-86FD-D3DA48CA1977