ហ្សាកាតា៖ អភិបាលរដ្ឋធានីហ្សាកាតា បានប្រកាសនៅថ្ងៃសុក្រ ទី០៩ ខែតុលានេះ ថា លោកនឹងពាំនាំសំឡេងរបស់បាតុករដែលទាមទារឱ្យទម្លាក់ចោលនូវច្បាប់ការងារថ្មីមួយ ដើម្បីផ្ញើជូនលោកប្រធានាធិបតី ចូកូ វីដូដូ ។
ប្រជាពលរដ្ឋឥណ្ឌូណេស៊ីរាប់ពាន់នាក់ បានប្រមូលផ្ដុំធ្វើបាតុកម្ម ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ ដើម្បីប្រឆាំងនឹងច្បាប់ថ្មីមួយ ដែលពួកគេអះអាងថា បានបង្កខូចខាតដល់សិទ្ធិការងារ និងការការពារបរិស្ថាន។ ការប៉ះទង្គិចគ្នា បានកើតឡើងនៅទីក្រុងមួយចំនួន រួមទាំងរដ្ឋធានីហ្សាកាតាផងដែរ ខណៈបាតុករ បានដុតបំផ្លាញគ្រឿងបរិក្ខារដឹកជញ្ជូនសាធារណៈ និងបំផ្លាញប៉ុស្តិ៍ប៉ូលិស។
យ៉ាងហោចណាស់ អភិបាលក្រុងចំនួន៤ បានគាំទ្របាតុកម្មនេះ ដើម្បីស្នើឱ្យទម្លាក់ចោលច្បាប់ការងារថ្មី។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី មិនទាន់ចេញសេចក្ដីថ្លែងការណ៍ណាមួយ ទាក់ទងនឹងការអនុម័តសេចក្ដីព្រាងច្បាប់ខាងលើឡើយ ប៉ុន្តែរដ្ឋមន្ត្រីទាំងអស់ បានបង្ហាញជំហរក្នុងការគាំទ្រច្បាប់នេះ។
នៅរដ្ឋធានីហ្សាកាតា ប៉ូលិស បានឃាត់ខ្លួនបាតុករប្រហែល ១០០០នាក់ ខណៈបាតុកររាប់រយនាក់ ដែលបានធ្វើការតវ៉ានៅទីក្រុងផ្សេងៗទៀត ត្រូវបានឃាត់ខ្លួនផងដែរ។ យ៉ាងណាមិញ នៅថ្ងៃសុក្រនេះ បាតុករមួយចំនួន ត្រូវបានដោះលែងវិញ៕
ប្រភព៖ Reuters