ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធើ ស៊ីចាតូ (H.E. Mr. PÉTER Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមរដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម សួស យ៉ារ៉ា បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី ភីធើ ស៊ីចាតូ និងគណៈប្រតិភូនៅកម្ពុជា ក្នុងខណៈដែលពិភពលោកកំពុងរាតត្បាតដោយជំងឺកូវីដ១៩នោះ។
ឯកឧត្តម បានលើកឡើងថា ទោះមានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី តែជំងឺនេះ មិនបានរំខានដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរកម្ពុជា-ហុងគ្រីនោះឡើយ។ ជាពិសេសទំនាក់ទំនងដ៏ស្អិតរមួតរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំប្រទេសហុងគ្រី។
ក្នុងជំនួបដ៏ស្និទ្ធស្នាលរវាង ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម ភីធើ ស៊ីចាតូ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើចំណុចសំខាន់ៗ មានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិតិប្បញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-ហុងគ្រី និងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍គ្នាលើវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ជាដើម។
ឯកឧត្តម ភីធើ ស៊ីចាតូ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួនទៀតផងដែរ។
សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចនេះ មានឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈមួយចំនួន នៃប្រទេសទំាងពីរមួយចំនួន ត្រូវចុះហត្ថលេខា មានដូចជាក្នុងវិស័យធនធានទឹក កសិកម្ម សេវាដឹកជញ្ជួន ជាដើម៕