ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាត់ទុកឆ្នាំ២០២០ គឺជាឆ្នាំដ៏មានសារសំខាន់ក្នុងការជួយសង្គ្រោះជីវិតសត្វព្រៃ និងកម្មវិធីថែទាំ និងសង្គ្រោះសត្វព្រៃនៅក្នុងប្រទេសកម្ពុជាដែលកំពុងរងនូវការគំរាមកំហែងពីសំណាក់ពួកព្រានព្រៃ។ នេះបើយោងតាមការចេញផ្សាយដោយអង្គការនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ទន្ទឹមនឹងនេះ អង្គការជួយសង្គ្រោះសត្វព្រៃដ៏មានសារសំខាន់នៅក្នុងប្រទេសកម្ពុជាមួយនេះ បានអះអាងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០ ដោយក្រុមការងារ បានជួយសង្គ្រោះសត្វនៅមានជីវិតជាង ២០០០ក្បាល ដែលចំនួននេះគឺ ច្រើនជាងចំនួនសត្វសង្គ្រោះបាន ពេញមួយឆ្នាំ២០១៩ទៅទៀត។
ចំពោះកិច្ចគាំទ្រពីក្រុមតាមដានដ៏ស្មោះស្ម័គ្ររបស់អង្គការនេះ ក៏កាន់តែមានសារសំខាន់ថែមទៀតក្នុងឆ្នាំ២០២០នេះ ដោយបានជួយសង្គ្រោះ និងប្រគល់ជូនសត្វជាង ១៦០០ក្បាលទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ ការបរបាញ់ ការប្រើប្រាស់សំណាញ់ធម្មតា ការដាក់អន្ទាក់ និងការប្រើប្រាស់កាំភ្លើង គឺកំពុងបង្កឱ្យមានវិបត្តិនៃការប្រម៉ាញ់សត្វយ៉ាងស្ងៀមស្ងាត់នៅក្នុងព្រៃនៃតំបន់អាស៊ី៕